×

លោក Pep Guardiola បន្លាយកុងត្រាថ្មី១ឆ្នាំទៀតជាមួយ Man City

គ្រូបង្វឹក Man City លោក Pep Guardiola បានយល់ព្រមបន្តកុងត្រារយៈពេលមួយឆ្នាំទៀតក្នុងការដឹកនាំនៅកីឡដ្ឋាន Etihad ខណៈកិច្ចសន្យាបច្ចុប្បន្នរបស់បុរសជនជាតិអេស្ប៉ាញ នឹងផុតនៅដំណាច់រដូវកាលនេះ។

លោក Pep Guardiola បានចូលរួមជាមួយ Man City ក្នុងឆ្នាំ ២០១៦ ហើយបានឈ្នះពានរង្វាន់ចំនួន ១៨ រហូតមកដល់ពេលនេះ រួមទាំងពានរង្វាន់ Premier League ចំនួន៦លើក។

ក្នុងអំឡុងពេលរបស់លោក នៅទីក្រុង Manchester លោក Pep Guardiola បានជួយ Man City អោយ ក្លាយជាក្រុមអង់គ្លេសទី២ដែលឈ្នះពានរង្វាន់ធំៗ៣ក្នុងមួយរដូវកាលដូចជាពាន Premier League, FA Cup និង Champions League ។ ពួកគេក៏បានក្លាយជាក្រុមដំបូងគេដែលឈ្នះពានជើងឯកលីគកំពូលរបស់អង់គ្លេសចំនួន៤ដងជាប់ៗគ្នា។

បច្ចុប្បន្ន Man City ឈរនៅលេខរៀងទី ២ ក្នុងតារាងពិន្ទុ Premier League រដូវកាលនេះ ដោយ តាមពីក្រោយក្រុមកំពូលតារាង Liverpool ចំនួន ៥ ពិន្ទុ។

លោក Pep Guardiola ធ្លាប់បានបានចុះហត្ថលេខាលើការបន្តកុងតា្រជាមួយ Man City នៅខែឧសភា ឆ្នាំ ២០១៨ ខែវិច្ឆិកា ឆ្នាំ ២០២០ និងខែវិច្ឆិកា ឆ្នាំ ២០២២។

កាលពីខែឧសភាកន្លងទៅ បន្ទាប់ពី ដឹកនាំ Man City ឈ្នះពានរង្វាន់លីគកំពូលអង់គ្លេស ជាលើកទី៤ជាប់ៗគ្នាជាប្រវត្តិសាស្ត្រនោះ លោក Pep Guardiola បានបង្ហើបថា រូបលោកខិតទៅជិតការចាកចេញពីទឹកដី Etihad ជាជាងការស្នាក់នៅបន្ត ។ បន្ថែមពីនេះ មិត្តជិតស្និទ្ធ និង ជាអ្នករួមការងារក្នុងក្លិប Man City របស់លោក Pep Guardiola គឺនាយកកីឡាបាល់ទាត់ Txiki Begiristain បានប្រកាសចាកចេញពីតំណែងនៅដំណាច់រដូវកាលនេះទៀត ដែលធ្វើអោយចំណងរវាងលោក Pep Guardiola នៅ Man City កាន់តែថមថយ។ ភាពមិនច្បាស់លាស់អំពីអនាគតរបស់លោក Pep Guardiola ត្រូវបានសារពត៌មានខ្លះលើកឡើងថា ជាហេតុផលសម្រាប់ទម្រង់លេងមិនល្អរបស់ក្រុមមេឃខៀវដែលបានបរាជ័យ ៤ប្រកួតជាប់គ្នាមកហើយ។

ទោះយ៉ាងណា នៅពេលនេះលោក Pep Guardiola បានសម្រេចបន្តកុងត្រាថ្មីបន្ថែមទៀត ដោយក្នុងនោះលោកបាននិយាយថា លោកចង់ជឿជាក់យ៉ាងពិតប្រាកដ ថាការបន្តស្នាក់នៅរបស់លោកនឹងជារឿងល្អបំផុតសម្រាប់ក្លិបមួយនេះ ។

ការបន្តកុងត្រាថ្មីនេះដែរ ធ្វើអោយ លោក Pep Guardiola ជាគ្រូបង្វឹកបច្ចុប្បន្នដែលបម្រើការបានយូរបំផុតនៅក្នុងក្របខណ្ឌ Premier League បន្ទាប់ពីលោក Jurgen Klopp បានចាកចេញពី Liverpool នៅរដូវក្តៅកន្លងទៅ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង