គ្រូបង្វឹក លោក Ange Postecoglou បានសម្រេចចិត្តថា ខ្សែបម្រើ Archie Gray នឹងមិនចាកចេញពី Tottenham Hotspur ក្នុងលក្ខខណ្ឌខ្ចីជើងក្នុងខែមករា ដោយលោកមានគម្រោងសម្រាប់កីឡាករវ័យក្មេងរូបនេះចាប់ពីពាក់កណ្តាលរដូវកាលទៅ។
Archie Gray វ័យ១៨ឆ្នាំ ទើបតែវិលមកចូលរួម Tottenham Hotspur វិញ ក្រោយទៅលេងអោយ Leeds United កាលពីរដូវកាល ២០២៣-២៤ ជាមួយនឹងការបង្ហាញសមត្ថភាពយ៉ាងគួរអោយចាប់អារម្មណ៍ ក្រោយពីបានបង្ហាញខ្លួន ៥២ ដងសម្រាប់ក្រុមនៅលីគទី២អង់គ្លេស។
វិលមកចូលរួមជាមួយក្លិប Tottenham Hotspur ដែលជាក្លិបរូបគេបានហ្វឹកហាត់តាំងពីជាកីឡាករថ្នាលយុវជននោះ ក្លិបមាន់ខ្នាយមាស បានធានាវត្តមានរបស់គេជាមួយក្លិបតាមរយៈការដាក់តម្លៃខ្លួនយ៉ាងខ្ពស់ ៣០លានផោន ដើម្បីកាត់បន្ថយការចង់បានពីសំណាក់ក្លិបដទៃ។
ទោះយ៉ាងណា ការវិលមកកាន់ក្លិប Tottenham Hotspur នេះ Archie Gray មិនសូវទទួលបានឱកាសលេងនោះទេ ដោយមាននាទីលេងត្រឹមតែ ៤៦នាទីប៉ុណ្ណោះ ក្នុងការប្រកួតក្របខណ្ឌ Premier League ឆ្នាំ ២០២៤-២៥ ប៉ុន្តែរូបគេត្រូវបានលោក Ange Postecoglou ប្រើប្រាស់ច្រើននៅក្នុងការប្រកួតក្របខណ្ឌ UEFA Europa League។
កត្តានេះបាននាំអោយមានការផ្សព្វផ្សាយថា Archie Grey អាចចាកចេញពី Tottenham Hotspur ក្នុងលក្ខខណ្ឌខ្ចីជើងក្នុងខែមករា ដោយក្លិប Leeds United ជាក្លិបមួយក្នុងចំណោមក្លិបនានាជាច្រើនទៀត ដែលនឹងផ្តល់ឱកាសអោយកីឡាករអង់គ្លេសរូបនេះមានពេលវេលាប្រកួតបន្ថែមទៀត។ ទោះយ៉ាងណា លោក Ange Postecoglou នឹងមិនអោយ Archie Grey ចាកចេញនោះទេ ដោយលោកមានផែនការសម្រាប់រូបគេនៅពាក់កណ្តាលរដូវកាលដែលនៅសល់។
ហេតុផលមួយទៀតដែលគ្រូបង្វឹកវ័យ៥៩ឆ្នាំ ចង់រក្សាទេពកោសល្យរបស់កីឡាកររូបនេះហើយសង្ឃឹមថានឹងប្រើប្រាស់ភាពប៉ិនប្រសប់របស់គេដែលអាចត្រូវបានដាក់លេងក្នុងតួនាទីឆ្លាស់គ្នា ខណៈ Archie Grey អាចលេងបានទាំងតួនាទីជាខ្សែបម្រើ និងខ្សែការពារ។
Archie Grey គឺជាកីឡាករមានទេពកោសល្យ ប៉ុន្តែរូបគេត្រូវមានការអត់ធ្មត់នៅ Tottenham Hotspur រហូតទាល់តែឱកាសនៅពាក់កណ្តាលរដូវកាលចូលមកដល់ ដើម្បីមានឱកាសច្រើន ក្នុងការបង្ហាញសមត្ថភាពរបស់គេ៕