
ខ្សែបម្រើ Abdul Fatawu នឹងអវត្តមានការប្រកួតដែលនៅសេសសល់របស់ Leicester City នៅរដូវកាល ២០២៤-២៥ ដោយសារតែរបួសជង្គង់ធ្ងន់ធ្ងរ។ នេះបើតាមការបញ្ជាក់របស់គ្រូបង្វឹក លោក Steve Cooper ។
កីឡាករវ័យ ២០ឆ្នាំ បានទទួលរងរបួសពេលលេងអោយក្រុមជម្រើសជាតិហ្គាណា ក្នុងការប្រកួតស្មើជាមួយក្រុមអង់ហ្គោឡា ១-១ នៃវគ្គជម្រុះពានរង្វាន់ទ្វីបអាហ្រ្វិក Africa Cup of Nations 2025។
ជុំវិញរឿងនេះ គ្រូបង្វឹក លោក Steve Cooper បាននិយាយថា “របួសរបស់ Abdul Fatawu មិនល្អទេ វាជារបួសធ្ងន់ធ្ងរ។ គេមានរបួស ACL ដែលនឹងធ្វើអោយគេអវត្តមានពេញមួយរដូវកាល។វាជាបញ្ហាដំបូង និងសំខាន់បំផុតសម្រាប់គេ ក្នុងនាមជាកីឡាករវ័យក្មេង និងមានរបួសធ្ងន់ធ្ងរបែបនេះ។”
Abdul Fatawu ជាកីឡាករសំខាន់មួយរូប ដែលបានជួយ Leicester City កាលពីរដូវកាលមុន និងហើយរដូវកាលនេះ រូបគេបានលេង ១១ ដងសម្រាប់ការប្រកួតក្របខណ្ឌ Premier League ។
Fatawu ជាអ្នកជួយជម្រុញដល់ការវាយបកឈ្នះរបស់ Leicester City ទៅលើ Southampton ក្នុងការប្រកួតសប្តាហ៍ទី៨ បន្ទាប់ពីបានប្តូរចូលក្នុងវគ្គទី២រួចមក។
អវត្តមានរបស់ Abdul Fatawu បានធ្វើអោយប៉ះពាល់ដល់ទម្រង់របស់ Leicester City ដែលកំពុងមានភាពមិនល្អប្រសើរស្រាប់ នៅក្នុងការប្រកួតលីគកំពូលអង់គ្លេស ៣ប្រកួតចុងក្រោយមកនេះ និងកាន់តែបន្ថែមសម្ពាធទៅលើគ្រូបង្វឹកលោក Steve Cooper ។
ឆ្លងកាត់១១ប្រកួត Leicester City ឈ្នះ តែ២ដង ស្មើ៤ដង ចាញ់៥ដង មាន ១០ពិន្ទុ កំពុងឈរលេខរៀងទី ១៥។
Leicester City នឹងបន្តការប្រកួត Premier League បន្ទាប់ពីការសម្រាកអន្តរជាតិ ដោយពួកគេត្រូវបើកទ្វារកីឡដ្ឋាន King Power ទទួលក្រុម Chelsea នៅចុងសប្តាហ៍នេះ៕