គ្រូបង្វឹក Tottenham Hotspur លោក Ange Postecoglou បាននិយាយថា លោកគាំទ្រចំពោះរឿងដែលក្លិបត្រៀមប្តឹងឧទ្ទរណ៍ប្រឆាំងបម្រាមលើ ខ្សែបម្រើ Rodrigo Bentancur។
កីឡាករអ៊ុយរុយហ្កាយ ត្រូវបានសមាគមបាល់ទាត់អង់គ្លេស FA ធ្វើការពិន័យ ដោយដាក់បម្រាមមិនអោយចូលរួមការប្រកួតចំនួន៧ប្រកួត ពីបទប្រើប្រាស់ពាក្យជេរប្រមាថរើសអើងជាតិសាសន៍លើមិត្តរួមក្រុម Heung-min Son ។ Rodrigo Bentancur បានធ្វើបទសម្ភាសន៍ជាមួយទូរទស្សន៍មួយនៅស្រុកកំណើត កាលពីខែមិថុនា ដោយនិយាយ អំពីបាល់ទាត់នៅអង់គ្លេស ប៉ុន្តែនៅពេលដែលកីឡាករវ័យ២៧ឆ្នាំត្រូវបានសួរនាំអំពីមិត្តរួមក្រុម Heung-min Son នោះ ស្រាប់តែរូបគេបានបញ្ចេញមតិដែលមានភាពរើសអើង ហើយបទសម្ភាសន៍នោះក៏ត្រូវចោទប្រកាន់ដោយ FA តែម្តង។
FA បានចេញសេចក្តីថ្លែងការណ៍ថា Rodrigo Bentancur បានប្រព្រឹត្តអាកប្បកិរិយាមិនសមរម្យ និងប្រើពាក្យប្រមាថ ជាមួយនឹងការអត្ថាធិប្បាយ ដែលត្រូវបានវិនិច្ឆ័យថាជា ការបំពានយ៉ាងធ្ងន់ធ្ងរ ដោយសារតែវាសំដៅទៅលើការរើសអើងជាតិសាសន៍ទៅលើ Heung-min Son។ ក្រោយពីជួបបញ្ហាទាក់ទងទៅនឹងសម្តីរបស់ខ្លួន Bentancur ក៏បានចេញមុខសុំទោសជាសាធារណៈ ដោយផ្ទាល់ទៅកាន់ Son ហើយក៏យល់ព្រមទទួលខុសត្រូវចំពោះអ្វីដែលខ្លួនបានប្រព្រឹត្តិ។
Rodrigo Bentancur ត្រូវបាន FA ដាក់ពិន័យ មិនអោយចូលលេង៧ប្រកួត និង ពិន័យជាទឹកប្រាក់ប្រមាណ ១០ម៉ឺនផោនថែមទៀត ហើយរូបគេក៏ត្រូវបាន FA តម្រូវអោយចូលរួមកម្មវិធីអប់រំស្តីអំពីការរើសអើងជាតិសាសន៍ផងដែរ។ អតីតសមាជិក Juventus រូបនេះ នឹងចាប់ផ្តើមអនុវត្តន៍ការពិន័យរបស់ខ្លួន ដោយមិនអាចចូលលេងការប្រកួតក្របខណ្ឌ Premier League របស់ Tottenham Hotspur ទល់នឹងក្រុម Manchester City, Fulham, Bournemouth, Chelsea, Southampton, Liverpool រួមទាំងការប្រកួតរបស់ Tottenham Hotspur ទល់នឹង Manchester United នៅវគ្គ៨ក្រុម ពានរង្វាន់ EFL Cup ផងដែរ។
Rodrigo Bentancur នឹងអាចវិលមកកាន់ការប្រកួតវិញបានពេល Tottenham Hotspur ត្រូវប៉ះ Nottingham Forest នៅក្របខណ្ឌ Premier League ថ្ងៃទី ២៦ ខែធ្នូ ។ ទោះយ៉ាងណា បញ្ហានេះត្រូវបានគ្រូបង្វឹក Tottenham Hotspur លោក Ange Postecoglou យល់ថា ជាការពិន័យយ៉ាងធ្ងន់ធ្ងរ ហើយក្លិប នឹងធ្វើការប្តឹងឧទ្ទរណ៍ប្រឆាំងនឹងបម្រាមនេះ ខណៈ គ្រូបង្វឹកវ័យ៥៩ឆ្នាំ បង្ហាញការគាំទ្រនឹងចំណាត់ការរបស់ក្លិប។
លោក Postecoglou បានអោយដឹងដូច្នេះ “ខ្ញុំបាននិយាយជាមួយ Bentancur ហើយគេយល់អំពីកំហុសឆ្គងនឹងត្រៀមខ្លួនទទួលទណ្ឌកម្ម។ យើងនឹងគាំទ្រគេព្រោះរឿងមួយដែលខ្ញុំដឹងគឺតែខ្ញុំស្គាល់គេ ហើយគេជាមនុស្សពូកែម្នាក់ជាមិត្តរួមក្រុមដែលគួរអោយជឿទុកចិត្ត។ ការដាក់ពិន័យលើរូបគេ វាធ្ងន់ធ្ងរណាស់ ហើយខ្ញុំគាំទ្រចំពោះរឿងក្លិបត្រៀមប្តឹងប្រឆាំងនឹងការសម្រេចចិត្តរបស់ FA ។”
Rodrigo Bentancur ត្រូវបានចាត់ទុកជាកីឡាករសំខាន់មួយរូបក្នុងគម្រោងរបស់ គ្រូបង្វឹក Tottenham Hotspur លោក Ange Postecoglou ដោយបានបង្ហាញខ្លួន១៤ប្រកួតគ្រប់កម្មវិធី នៅរដូវកាល ២០២៤-២៥នេះ៕