គ្រូបង្វឹក Man City លោក Pep Guardiola បាននិយាយសារភាពថា នៅរាល់ពេលកីឡាករ បង្ហាញទម្រង់លេងមិនបានល្អ លោកតែងតែបង្ហាញអារម្មណ៍ខឹងសម្បារនិងមិនពេញចិត្តចំពោះការតាំងចិត្តរបស់ក្រុម ហើយលោកមិនមានមោទនភាពចំពោះក្រុមបែបនោះឡើយ។
បុរសសញ្ជាតិអេស្ប៉ាញ គឺជាមនុស្សសំខាន់មួយរូប ស្ថិតនៅក្នុងវីដេអូឯកសាររយៈពេលជាង១ម៉ោង ដែលមានចំណងជើងថា Together 4-In-A-Row បង្ហាញអំពីសកម្មភាពប្រកួតប្រជែងរហូតអាចគ្រងជើងឯក Premier League ៤រដូវកាលរបស់ Man City ។
ក្នុងវីដេអូឯកសារនោះ លោក Guardiola លោកបាននិយាយដោយភាពខឹងសម្បារទៅកាន់កីឡាករ ដើម្បីដាស់តឿនស្មារតីពួកគេអោយមានការខិតខំប្រឹងប្រែង យកឈ្នះការប្រកួត។
បុរសវ័យ ៥៣ ឆ្នាំអោយដឹងដូច្នេះ “ខ្ញុំមិនមានមោទនភាពចំពោះកូនក្រុមឡើយពេលខ្លះ បន្ទាប់ពីការប្រកួត។ នៅពេលខ្ញុំខឹងម្តងៗ គឺអារម្មណ៍របស់ខ្ញុំគឺតែងតែប៉ះពាល់ដល់កីឡាករទាំងអស់។ ខ្ញុំក៏ជាមនុស្សម្នាក់ដែរ ខ្ញុំបានបង្កើតកំហុស ប៉ុន្តែខ្ញុំមិនចូលចិត្តអោយវាកើតឡើងដូចនោះឡើយ ។”
វីដេអូឯកសារ Together 4-In-A-Row មិនមែនបង្ហាញតែសកម្មភាពនៃការដឹកនាំរបស់លោក Pep Guardiola តែម្នាក់ឡើយ ប៉ុន្តែវាបានបង្ហាញពីសកម្មភាពនៃការខិតខំប្រឹងប្រែងទាំងមូលរបស់កីឡាករក្រុម Man City ក្នុងដំណើរដណ្តើមពានរង្វាន់ចំនួន ៤រដូវកាលជាប់គ្នា ដែលគ្មានក្រុមណាមួយនៅ Premier League អាចធ្វើបាន៕