លោក Julen Lopetegui ជាគ្រូបង្វឹកម្នាក់ទៀត ដែលស្ថិតក្រោមសម្ពាធ ហើយជាមួយនឹងភាពមិនច្បាស់លាស់នៃអនាគតនៅ West Ham United នោះ លោក Jose Mourinho ត្រូវបានផ្សារភ្ជាប់ការផ្លាស់មកកាន់ការងារ ក្លិបនៅក្នុងក្របខណ្ឌ Premier League មួយនេះ។
ក្លិប West Ham បានចែកផ្លូវជាមួយលោក David Moyes នៅចុងបញ្ចប់នៃរដូវកាលមុន ខណៈដែលអ្នកគាំទ្រ ជាច្រើនមិនសប្បាយចិត្តនឹងទម្រង់លេងរបស់ក្រុម បើទោះបីជា លោក David Moyes ទទួលបានលទ្ធផលល្អគួរសមក៏ដោយ។
លោក Lopetegui បានមកជំនួសតំណែងលោក David Moyes ប៉ុន្តែក៏មិនបានធ្វើអោយក្លិបមានភាពល្អប្រសើរជាងមុននោះទេ។ បុរសវ័យ ៥៨ ឆ្នាំ បានជួបការលំបាកក្នុងការដឹកនាំដោយ West Ham United បានឈ្នះតែ៣ដង ស្មើ៣ដង ចាញ់៥ដង ក្នុងការប្រកួត១១លើកកន្លងមកនៅក្របខណ្ឌ Premier League ២០២៤-២៥។
យោងតាមសារពត៌មាន Football Insider បានអោយដឹងថា West Ham គ្រោងនឹងផ្តល់ពេលវេលាបន្ថែមដល់លោក Lopetegui ដើម្បីស្តារស្ថានការណ៍ ក្នុងការប្រកួតនៅខែធ្នូ ប៉ុន្តែបើលទ្ធផលនៅតែមិនល្អប្រសើរ នោះបុរសជនជាតិអេស្ប៉ាញ អាចនឹងរបូតតំណែង។
ប្រសិនបើ លោក Lopetegui ត្រូវបានបណ្តេញចេញមែននោះ មានការផ្សារភ្ជាប់រវាង West Ham ជាមួយលោក Jose Mourinho ដែលជាគ្រូបង្វឹករបស់ Fenerbahce នាពេលបច្ចុប្បន្ន។
លោក Mourinho បានសម្លឹងមើលឱកាសការងារនៅក្របខណ្ឌ Premier League វិញ ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ដោយសារការខកចិត្តរបស់លោកនៅក្នុងប្រទេសទួរគី។
ទោះយ៉ាងណា លោក Mourinho ទំនងជាបន្តនៅក្នុងប្រទេសតួកគីសម្រាប់យុទ្ធនាការឆ្នាំ២០២៤-២៥ ហើយគ្រូបង្វឹកជើងចាស់រូបនេះអាចនឹងស្វែងរកការវិលត្រឡប់ទៅប្រទេសអង់គ្លេសវិញនៅរដូវក្តៅក្រោយ៕