×

Leicester City បញ្ចប់តំណែងគ្រូបង្វឹកលោក Steve Cooper

Leicester City បានបញ្ចប់តំណែងគ្រូបង្វឹកលោក Steve Cooper ក្រោយពីលោកដឹកនាំក្លិបមួយនេះ ទើបបានតែ១៥ប្រកួត។

លោក Steve Cooper បានចូលដឹកនាំ Leicester City កាលពីខែមិថុនា កន្លងទៅ ដោយកាន់តំណែងបន្តពីលោក Enzo Maresca ដែលបានចាកចេញទៅដឹកនាំ Chelsea ។

ទោះយ៉ាងណា ការដឹកនាំរបស់បុរស ជនជាតិវេលស៍ វ័យ៤៤ឆ្នាំ មិនទទួលលទ្ធផលល្អដូចការរំពឹងទុក ដោយឆ្លងកាត់ ១២ ប្រកួតនៅក្របខណ្ឌ Premier League ក្រុម Leicester City ឈ្នះតែ២ដង ស្មើ ៤ដង និង ចាញ់ ៦ដង។

ការបរាជ័យចុងក្រោយរបស់ពួកគេគឺចាញ់ Chelsea នៅក្របខណ្ឌ Premier League ដោយលទ្ធផល ២-១ ដែលធ្វើអោយ Leicester City ឈរនៅលេខ១៦ក្នុងតារាងពិន្ទុ មាន ១០ ពិន្ទុ ពីលើតំបន់កាត់ចោលតែ១ពិន្ទុ។

លោក Steve Cooper ក៏បានដឹកនាំ Leicester City ទទួលលទ្ធផលមិនល្អនៅពានរង្វាន់ EFL Cup ដោយធ្លាក់ត្រឹមជុំទី៤ ក្រោយចាញ់ Manchester United ៥-២។

ជុំវិញការបញ្ចប់តំណែងលោក Steve Cooper នេះដែរក្លិប Leicester City បានចេញសេចក្តីថ្លែងការណ៍ថា “ក្លិបសូមអរគុណដល់ការលះបង់របស់លោក Steve Cooper និងជូនពរលោកទទួលជោគជ័យនៅពេលអនាគត។ សម្រាប់ការហ្វឹកហ្វឺនក្រុមនឹងត្រូវត្រួតពិនិត្យដោយជំនួយការគ្រូបង្វឹកលោក Ben Dawson ខណៈដែលក្លិបចាប់ផ្តើមដំណើរការតែងតាំងគ្រូបង្វឹកថ្មី ដែលក្លិបសង្ឃឹមថានឹងបញ្ចប់អោយបានឆាប់តាមដែលអាចធ្វើទៅបាន។”

លោក Steve Cooper បានកា្លយជាគ្រូបង្វឹកទី២ នៅក្នុងក្របខណ្ឌ Premier League ២០២៤-២៥ នេះ ដែលត្រូវបានបញ្ចប់តំណែង បន្ទាប់ពី លោក Erik ten Hag ដែលត្រូវបាន Man UTD បញ្ចប់តំណែងកាលពីពេលថ្មីៗនេះ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង