×

គ្រូ Man City ថា នៅតែជឿជាក់លើកីឡាករ ទោះទើបចាញ់ Tottenham Hotspur ធ្ងន់ធ្ងរ

លោក Pep Guardiola បាន និយាយថា លោកនៅតែជឿជាក់លើកីឡាករក្រុម Man City របស់លោក បើទោះជាពួកគទើបប្រកួតចាញ់ Tottenham Hotspur យ៉ាងធ្ងន់ធ្ងរក្តី។

Man City បានចាញ់ Tottenham Hotspur នៅក្នុងជំនួបក្របខណ្ឌ Premier League ដោយលទ្ធផល ដល់ទៅ ៤-០។ គ្រាប់បាល់ដែល Tottenham Hotspur រកបានពីការប្រកួតនៅកីឡដ្ឋាន Etihad ធ្វើបានដោយ James Maddison ២គ្រាប់នៅនាទី១៣ និង ២០ ខណៈ Pedro Porro រកបាននៅនាទី៥២ហើយ Brennan Johnson រកបាននៅនាទី៩០+៣។ រីឯ Man City បានស៊ុតបាល់ចេញរហូតដល់ទៅ២៣គ្រាប់ តែមិនអាចរកបានគ្រាប់បាល់វាយបកវិញបានសម្រេចនោះទេ ។

សម្រាប់ការបរាជ័យនោះ លោក Pep Guardiola បានបង្កើតកំនត់ត្រាអាក្រក់មួយចំនួន ដោយវាជាលើកទីមួយ Man City ចាញ់៣ប្រកួតជាប់គ្នានៅក្របខណ្ឌ Premier League ក្រោមការដឹកនាំរបស់លោកនិងជាការបញ្ចប់កំណត់ត្រាមិនដែលចាញ់ក្នុងផ្ទះ៥២លើកផងដែរ។ បុរសជនជាតិអេស្ប៉ាញមិនដែលចាញ់ការប្រកួតលីគកំពូលអង់គ្លេសក្នុងផ្ទះដោយរបូតគ្រាប់បាល់ដល់ទៅ ៤គ្រាប់ទេ កំលុងពេលដឹកនាំក្លិបនៅអង់គ្លេស ប៉ុន្តែលោកក៏ធ្លាប់ចាញ់ពេល ដឹកនាំ Man City ចាញ់នៅទឹកដី Everton ៤-0 ក្នុងឆ្នាំ ២០១៧ ។ មានការបរាជ័យធ្ងន់ធ្ងរនិងកំណត់ត្រាអាក្រក់ក្តី តែលោក Pep Guardiola នៅតែអះអាងថា លោកមានការជឿជាក់លើកីឡាករដដែល។

លោក Pep Guardiola បានអោយដឹងក្រោយចប់ការប្រកួតដូច្នេះ “ក្នុងការប្រកួតយើងមិនស្ថិតក្នុងរឿងព្រេងនិទាននោះទេ យើងត្រូវទទួលស្គាល់ការពិត គ្មានក្រុមណាមួយអាចរក្សាជ័យជំនះរហូតឡើយ។ យើងមិនអាចបន្ទោសគ្នាទៅវិញទៅមកបានទេ យើងត្រូវសម្របខ្លួនជាមួយរឿងនេះ។ ខ្ញុំមិនដឹងថា នឹងមានរឿងអ្វីកើតឡើងជាបន្តទេនៅរដូវកាលនេះ ប៉ុន្តែខ្ញុំនៅតែមានជឿជាក់លើកីឡាកររបស់ខ្ញុំ ។”

Man City បានក្លាយជាក្រុមការពារតំណែងជើងឯកលីគកំពូលអង់គ្លេស ដែលចាញ់ ៥ ប្រកួតជាប់គ្នាគ្រប់ក្របខណ្ឌប្រកួតនៅរដូវកាលតែមួយ គិតចាប់តាំងពីក្រុម Chelsea បានបង្កើតកំនត់ត្រាអាក្រក់មួយនេះនៅ ខែមីនា ឆ្នាំ ១៩៥៦ ។ វាក៏ជាបរាជ័យក្នុងលីគក្នុងផ្ទះដ៏អាក្រក់បំផុតរបស់ Man City ចាប់តាំងពីចាញ់ Arsenal ៥-១ ក្នុងឆ្នាំ ២០០៣។

ចំណែកឯ Tottenham Hotspur ក្លាយជាក្រុមដែល ក្រុម Man City រងបរាជ័យពេលលេងទល់និងពួកគេច្រើនដងបំផុតរហូតដល់ទៅ៩លើក។ មួយវិញទៀតជ័យជំនះនេះគឺជាលើកទី៣ដែល Tottenham Hotspur បានយកឈ្នះលើក្រុមម្ចាស់ជើងឯក Premier League ដោយរកបានគ្រាប់បាល់មិនតិចជាង៣គ្រាប់ ។

ឆ្លងកាត់១២ប្រកួតនៅ ក្របខណ្ឌ Premier League 2024-25 ក្រុម Man City ឈ្នះ ៧ ស្មើ២ ចាញ់៣ មាន២៣ពិន្ទុ ឈរលេខ២ ពីក្រោមក្រុមកំពូលតារាង Liverpool ដល់ទៅ៨ពិន្ទុ។ រីឯ Tottenham Hotspur នៅឈរលេខ៦ មាន១៩ពិន្ទុ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង