ខ្សែប្រយុទ្ធ Vinicius Junior អាចនឹងខកខានការប្រកួត UEFA Champions League របស់ Real Madrid ទល់នឹង Liverpool បន្ទាប់ពីរបួសសាច់ដុំជើងក្នុងជ័យជំនះ ៣-០ របស់ពួកគេនៅ ទឹកដីក្រុម Leganes នៅក្របខណ្ឌ La Liga កាលពី ចុងសប្តាហ៍កន្លងទៅ។
ប្រភពជិតស្និទ្ធនឹងកីឡាករបានប្រាប់ Reuters ថា កីឡាករប្រេស៊ីល វ័យ២៤ឆ្នាំ ត្រូវបានគេរំពឹងថានឹងត្រូវអវត្តមានពី ៣ ទៅ ៤ សប្តាហ៍។ វាមានន័យថា រូបគេអាចខកខានរហូតដល់ទៅ ៧ ប្រកួតនៅក្នុងការប្រកួតទាំងអស់មុនពេលសម្រាករដូវរងារ រួមទាំងពេលប៉ះ Girona និង Athletic Bilbao នៅក្របខណ្ឌ La Liga និងការប្រកួត UEFA Champions League ទល់នឹង Atalanta ថែមទៀត។
Real Madrid បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “បន្ទាប់ពីការធ្វើតេស្តលើកីឡាករ Vinicius Junior របស់យើង បានបង្ហាញថា គេមានរបួសនៅជើងឆ្វេងដែលនឹងធ្វើអោយរូបគេអវត្តមានមួយរយៈ។”
Vinicius Junior គឺជាកីឡាករចុងក្រោយគេដែលចូលរួមក្នុងបញ្ជីរបួសរយៈពេលវែងរបស់ Real Madrid ដែលរួមមានកីឡាករសំខាន់ៗដូចជា Rodrygo, Eder Militao, Dani Carvajal, Lucas Vazquez, Aurelien Tchouameni និង David Alaba ។
Real Madrid កំពុងឈរនៅលេខរៀងទី២ ក្នុងតារាងពិន្ទុ La Liga ដោយមាន ៣០ ពិន្ទុ តាមពីក្រោយក្រុម Barcelona ចំនួន ៤ ពិន្ទុ ។
ទោះបីជាយ៉ាងណាក៏ដោយ បន្ទាប់ពីចាញ់២លើកក្នុងការប្រកួត៣លើកចុងក្រោយរបស់ពួកគេក្នុងក្របខណ្ឌ UEFA Champions League ក្រុមរបស់លោក Carlo Ancelotti អាចមានបញ្ហាជាមួយនឹងលទ្ធផលមិនល្អនៅកីឡដ្ឋាន Anfield ។ ពួកគេស្ថិតនៅលេខ១៨ក្នុងតារាងក្រុមទាំង៣៦ក្រុមដោយមាន៦ពិន្ទុពីការប្រកួត៤លើក៕