ខ្សែបម្រើ Kevin de Bruyne និយាយថា រូបគេមិនប្រាកដថា តើនេះនឹងជារដូវកាលចុងក្រោយជាមួយ Man City ឬយ៉ាងណាទេ បន្ទាប់ពីបានផ្អាកការពិភាក្សាជុំវិញការបន្តកុងត្រាថ្មី។
កីឡាករសញ្ជាតិបែលហ្ស៊ិក វ័យ ៣៣ ឆ្នាំ នឹងផុតកុងត្រានៅចុងបញ្ចប់នៃរដូវកាលនេះ ប៉ុន្តែបានផ្អាកការចរចារកុងត្រាថ្មី បន្ទាប់ពីមានបញ្ហារបួសភ្លៅដែលកើតមានក្នុងខែកញ្ញា។ រូបគេ បង្ហាញខ្លួនចំនួន ៩ ដងប៉ុណ្ណោះអោយ Man City ក្នុងរដូវកាលនេះ។
ទាក់ទិននឹងរឿងនេះ De Bruyne បាននិយាយថា “នៅពេលដែលខ្ញុំចាប់ផ្តើមរដូវកាលនេះ ខ្ញុំដឹងថាការពិភាក្សានឹងកើតឡើង ប៉ុន្តែបន្ទាប់មកខ្ញុំមានបញ្ហារបួស ដែលធ្វើអោយផ្អាកការចរចាសិន។ ខ្ញុំពិតជានៅចង់លេងជាមួយក្លិប ហើយសង្ឃឹមថា ការពិភាក្សានឹងមកដល់ ប្រសិនបើគ្មានការពិភាក្សាមកទេ វានឹងក្លាយជាឆ្នាំចុងក្រោយរបស់ខ្ញុំជាមួយ Man City ។”
ប្រធានក្រុមជម្រើសបែលហ្ស៊ិករូបនេះបានផ្ទេរមក Man City ពីក្លិប Wolfsburg នៅក្របខណ្ឌ Bundesliga ក្នុងឆ្នាំ ២០១៥ តម្លៃខ្លួន ៥៥ លានផោន។
លោក Pep Guardiola បានចូលរួមជាមួយក្លិប Man City មួយឆ្នាំក្រោយមក ហើយលោកបានជួយអភិវឌ្ឍ De Bruyne អោយក្លាយទៅជាខ្សែបម្រើកណ្តាលដ៏លេចធ្លោមួយរូប។
គិតមកទល់ពេលនេះ Kevin de Bruyne បានបង្ហាញខ្លួន អោយ Man City សរុបចំនួន ៣៩១ ប្រកួត ស៊ុតបាន ១០៣ គ្រាប់ និងបានរួមចំណែកឈ្នះពានរង្វាន់ជាច្រើនរួមមាន Premier League ៦ដង FA Cup ២ដង EFL Cup ៥ដង និង UEFA Champions League ១ដងផងដែរ៕