×

អ្នកចាំទី Guglielmo Vicario របស់ Tottenham Hotspur នឹងអវត្តមានមួយរយៈព្រោះរបួសកជើង

អ្នកចាំទី Guglielmo Vicario របស់ Tottenham Hotspur នឹងអវត្តមានពីការប្រកួតលើទីលានមួយរយៈព្រោះតែរងរបួសបាក់កជើង។ នេះបើតាមការផ្សព្វផ្សាយពីសារពត៌មាន BBC។

កីឡាករអ៊ីតាលី ជាកីឡាករសំខាន់មួយរូបក្នុងក្រុមរបស់គ្រូបង្វឹកលោក Ange Postecoglou ដោយបានបង្ហាញខ្លួនគ្រប់ការប្រកួតនៅ Premier League រដូវកាលនេះ។ រូបគេក៏បានលេង ៦០នាទី ក្នុងការប្រកួតដែល Tottenham Hotspur ឈ្នះ Man City ៤-០ ក្នុងជំនួបក្របខណ្ឌ Premier League ចុងសប្តាហ៍កន្លងទៅ ប៉ុន្តែបានប៉ះទង្គិចជាមួយខ្សែបម្រើ Savinho ដែលទំនងធ្វើអោយមានរបួសកើតឡើង។ យ៉ាងណា កីឡាករវ័យ២៨ឆ្នាំ នៅតែបន្តលេងទាំងឈឺចាប់ ក្រោយទទួលការព្យាបាលបឋមលើទីលានរួច។

ជុំវិញបញ្ហារបួសរបស់ Guglielmo Vicario ខាងក្លិប Tottenham Hotspur មិនទាន់បង្ហាញពីពេលវេលាច្បាស់លាស់ដែលរូបគេនឹងអវត្តមានពីទីលានដើម្បីព្យាបាលរបួសនោះទេ ប៉ុន្តែរូបគេនឹងត្រូវបានវាយតម្លៃដោយបុគ្គលិកពេទ្យរបស់ក្លិបដើម្បីកំណត់ថា តើគេអាចចាប់ផ្តើមហ្វឹកហាត់ឡើងវិញនៅពេលណា។

Guglielmo Vicario បានអវត្តតែ៤ប្រកួតប៉ុណ្ណោះ ចាប់តាំងពីចាកចេញពីក្លិបអ៊ីតាលី Empoli មកចូលរួម Tottenham Hotspur នៅខែមិថុនា ឆ្នាំ២០២៣ ដោយអវត្តមានទាំងអស់នោះទៀតសោត មិនមែនស្ថិតក្នុងការប្រកួត Premier League នោះទេ។

ទោះយ៉ាងណា Tottenham Hotspur នៅមានកីឡាករអ្នកចាំទីឆ្នើមផ្សេងទៀត ដូចជាអ្នកចាំទី Fraser Forster ជាដើម។ បែបនេះក្តី ក៏មានការចោទសួរថា តើ Fraser Forster អាចមានសមត្ថភាពលេងក្នុងកម្រិតនៃការប្រកួត Premier League ដែរឬទេ បន្ទាប់ពីរដូវកាលមុនគេបង្ហាញខ្លួននៅការប្រកួតលីគកំពូលអង់គ្លេសតែ១ដងប៉ុណ្ណោះ។

មានការលើកឡើងថា ការមិនវិនិយោគលើអ្នកចាំទីបម្រុងដែលមានសមត្ថភាពខ្ពស់អាចធ្វើអោយ Tottenham Hotspur ខាតបង់ក្នុងពេលវេលាដ៏សំខាន់ដែលអាចកំណត់កៅអីចំណាត់ថ្នាក់របស់ពួកគេនៃរដូវកាលនេះ។

Tottenham Hotspur បច្ចុប្បន្ន កំពុងឈរលេខ ៦ ក្នុងតារាងពិន្ទុក្របខណ្ឌ Premier League ដោយមាន ១៩ពិន្ទុ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង