
អតីតគ្រូបង្វឹកបណ្តោះអាសន្ន Man UTD លោក Ruud van Nistelrooy ត្រូវបានក្លិប Leicester City បង្ហាញការចាប់អារម្មណ៍ទាក់ទងចង់បានមកជាគ្រូបង្វឹកថ្មីរបស់ពួកគេ។
ជាការពិត Leicester City ទើបតែបានចែកផ្លូវជាមួយ គ្រូបង្វឹកលោក Steve Cooper ក្រោយពីលោកដឹកនាំក្លិបមួយនេះ ទើបបានតែ១៥ប្រកួត។
លោក Steve Cooper បានចូលដឹកនាំ Leicester City កាលពីខែមិថុនា កន្លងទៅ ដោយកាន់តំណែងបន្តពីលោក Enzo Maresca ដែលបានចាកចេញទៅដឹកនាំ Chelsea ។
ទោះយ៉ាងណា ការដឹកនាំរបស់បុរស ជនជាតិវេលស៍ វ័យ៤៤ឆ្នាំ មិនទទួលលទ្ធផលល្អដូចការរំពឹងទុក ដោយឆ្លងកាត់ ១២ ប្រកួតនៅក្របខណ្ឌ Premier League ក្រុម Leicester City ឈ្នះតែ២ដង ស្មើ ៤ដង និង ចាញ់ ៦ដង។
ការបរាជ័យចុងក្រោយរបស់ពួកគេគឺចាញ់ Chelsea នៅក្របខណ្ឌ Premier League ដោយលទ្ធផល ២-១ ដែលធ្វើអោយ Leicester City ឈរនៅលេខ១៦ក្នុងតារាងពិន្ទុ មាន ១០ ពិន្ទុ ពីលើតំបន់កាត់ចោលតែ១ពិន្ទុ។
លោក Steve Cooper ក៏បានដឹកនាំ Leicester City ទទួលលទ្ធផលមិនល្អនៅពានរង្វាន់ EFL Cup ដោយធ្លាក់ត្រឹមជុំទី៤ ក្រោយចាញ់ Manchester United ៥-២។
លោក Steve Cooper បានកា្លយជាគ្រូបង្វឹកទី២ នៅក្នុងក្របខណ្ឌ Premier League ២០២៤-២៥ នេះ ដែលត្រូវបានបញ្ចប់តំណែង បន្ទាប់ពី លោក Erik ten Hag ដែលត្រូវបាន Man UTD បញ្ចប់តំណែងកាលពីពេលថ្មីៗនេះ។
ក្រោយចែកផ្លូវជាមួយលោក Steve Cooper រួច Leicester City បានតែងតាំងជំនួយការគ្រូបង្វឹកលោក Ben Dawson មកដឹកនាំក្រុមជាបណ្តោះអាសន្នសិន ខណៈពួកគេកំពុងសម្លឹងរកមើលគូ្របង្វឹកអចិន្ត្រៃយ៍ថ្មី ដោយក្នុងនោះ អតីតគ្រូបង្វឹកបណ្តោះអាសន្ន Man UTD លោក Ruud van Nistelrooy ជាបេក្ខភាពឈានមុខដែលក្លិបមើលឃើញ។
លោក Van Nistelrooy បានទទួលលទ្ធផលជាផ្លែផ្កាទោះបីដឹកនាំក្រុមក្នុងនាមជាគ្រូបង្វឹកបណ្តោះអាសន្ន ដោយរូបលោកបានដើរតួនាទីយ៉ាងសំខាន់ក្រោយពីក្លិបសម្រេចចិត្តចែកផ្លូវពីមិត្តរួមជាតិគឺលោក Erik ten Hag ក្នុងនោះលោកបានដឹកនាំ Man UTD ផ្តួល Leicester City នៅក្របខណ្ឌ២ផ្សេងគ្នាដល់ទៅ២ដងផងដែរ។
Leicester City បច្ចុប្បន្នកំពុងឈរនៅលេខ១៦ក្នុងតារាងពិន្ទុ Premier League មាន ១០ ពិន្ទុ ពីលើតំបន់កាត់ចោលតែ១ពិន្ទុប៉ុណ្ណោះ៕