គ្រូបង្វឹកថ្មី Man UTD លោក Ruben Amorim បាននិយាយថា កីឡាករក្រុមរបស់លោកមានគុណភាព និង សមត្ថភាព ប៉ុន្តែត្រូវការពេលវេលាបន្ថែម ដើម្បីពង្រឹងការយល់ចិត្តគ្នា និងបច្ចេកទេសលេងដើម្បីអោយប្រសើរឡើង។
ការដឹកនាំការប្រកួតដំបូង របស់បុរសជនជាតិព័រទុយហ្កាល់ ក្នុងនាមជាគ្រូបង្វឹកថ្មីរបស់ក្រុមបិសាចក្រហម គឺបញ្ចប់ទៅដោយលទ្ធផលស្មើ ១-១ ទល់នឹងក្រុមម្ចាស់ផ្ទះ Ipswich Town ក្នុងក្របខណ្ឌ Premier League កាលពីចុងសប្តាហ៍កន្លងទៅ។
ទោះបីជាក្រុម Man UTD អាចរកបានគ្រាប់បាល់ដំបូងយ៉ាងលឿន នៅត្រឹមនាទី២ ពីការស៊ុតបញ្ចូលទី របស់ Marcus Rashford តែក្រោយរកបានគ្រាប់បាល់នាំមុខ ក្រុមកីឡាករ Man UTD ហាក់ជួបប្រទះបញ្ហាការគ្រប់គ្រងបាល់ និងខ្វះការបង្កើតឱកាសរកគ្រាប់បាល់បន្ថែម។ កីឡាករ Marcus Rashford និង Alejandro Garnacho ក៏ហាក់ជាប់គាំង និងមិនទាន់អាច សម្របខ្លួនបានល្អនៅឡើយ ទៅលើប្រព័ន្ធលេងថ្មី ក្រោមការដឹកនាំរបស់លោក Ruben Amorim។
បន្ទាប់ពីមិនអាចរកបានជ័យជំនះ ក្នុងការដឹកនាំការប្រកួតដំបូង និងបានមើលឃើញពីភាពខ្វះខាត របស់ក្រុមកីឡាករ លោក Ruben Amorim បាននិយាយថា ក្រុមត្រូវការពេលវេលា ដើមពង្រឹងបច្ចេកទេស និងប្រព័ន្ធលេង ។
លោក Amorim បានថ្លែងដូច្នេះ “ពួកគេសុទ្ធសឹងតែជាកីឡាករល្អៗ ប៉ុន្តែយើងត្រូវពង្រឹងលើផ្នែករាងកាយ បច្ចេកទេសលេង បន្ថែមទៀត ហើយយើងត្រូវការពេលដើម្បីធ្វើរឿងនេះ ប៉ុន្តែ វាលំបាកណាស់។ នេះហើយជាអ្វីដែលខ្ញុំបារម្ភ ព្រោះអ្នកមិនអាចយល់ពីវាបានលឿននោះទេ ទាល់តែអ្នកស្ថិតក្នុងការប្រកួតនោះផ្ទាល់។”
បុរសវ័យ៣៩ឆ្នាំ ថែមទាំងបានចេញមុខការពារកូនក្រុម ថាកីឡាករទាំងអស់បានព្យាយាមក្នុងការលេង ប៉ុន្តែពួកគេបានគិតច្រើនពេកក្នុងការប្រកួត ដែលជាហេតុធ្វើអោយការផ្តោតអារម្មណ៍ក្នុងការប្រកួតទៅតាមប្រព័ន្ធលេងមិនសូវបានល្អ។
បច្ចុប្បន្ន Man UTD កំពុងឈរលេខ១២ ក្នុងតារាងពិន្ទុ ដោយមាន ១៦ពិន្ទុ។ រីឯ Ipswich Town នៅលេខ១៨ មាន៩ពិន្ទុ។ ការប្រកួតជាបន្តក្រុម Man UTD នឹងត្រូវប៉ះក្រុម Bodø/Glimt ក្នុងពានរង្វាន់ UEFA Europa League វិញម្តង នៅចុងសប្តាហ៍នេះ៕