×

Man UTD ជាក្លិបចំណាយការផ្ទេរកីឡាករច្រើនជាងគេរយៈពេល១០ឆ្នាំចុងក្រោយ

ក្លិប Man UTD បានចំណាយប្រាក់រហូតដល់ ១.៣៧ពាន់លានដុល្លារ សម្រាប់ទីផ្សារដោះដូរកីឡាករចាប់តាំងពីឆ្នាំ ២០១៥ ដែលធ្វើអោយពួកគេក្លាយជាក្លិបចាយប្រាក់ច្រើនបំផុតនៅលើពិភពលោកក្នុងរយៈពេលមួយទសវត្សរ៍ចុងក្រោយ។ នេះបើតាមការអោយដឹងពីស្ថាប័នស្រាវជ្រាវកីឡាបាល់ទាត់ CIES Football Observatory ។

ត្រឹមតែក្នុងទីផ្សារដោះដូរកីឡាកររដូវក្តៅឆ្នាំនេះ ក្លិបអង់គ្លេសមានប្រវត្តិសាស្ត្រដ៏រុងរឿងមួយនេះបានចាយរហូតដល់ ២៥១លានដុល្លារ ដើម្បីចុះហត្ថលេខាលើកីឡាករ ដូចជា Manuel Ugarte, Joshua Zirkzee, Leny Yoro, Matthijs de Ligt និង Noussair Mazraoui ។ ចំណែកនៅក្នុងឆ្នាំ ២០២៣ Man UTD ក៏បានចាយប្រាក់ប្រហាក់ប្រហែលគ្នាផងដែរ ដើម្បីនាំយកកីឡាករ Andre Onana, Mason Mount និង Rasmus Hojlund។ ទោះជាក្លិបចាយច្រើនជាងគេក្តី ប៉ុន្តែចាប់តាំងពីការចាកចេញរបស់ លោក Alex Ferguson មក Man UTD មានបញ្ហាទម្រង់លេងយ៉ាងខ្លាំង និងមិនដែលឈ្នះជើងឯក Premier League និង UEFA Champions League ឡើយ។

Chelsea ស្ថិតនៅលេខ២ ជាមួយការចំណាយ ១,២៦ ពាន់លានដុល្លារ។ ក្រោមការដឹកនាំរបស់មហាសេដ្ឋីរុស្ស៊ី Roman Abramovich ក្លិបតោខៀវបានចំណាយលើផ្ទេរដ៏ច្រើនរួចមកហើយ បន្ទាប់ពីមហាសេដ្ឋីអាមេរិកលោក Todd Boehly កាន់កាប់ជំនួសនៅ ឆ្នាំ ២០២២ ក៏នៅតែមានការចំណាយលើការទិញចូលកីឡាករច្រើនដដែល។ រយៈពេល២ឆ្នាំក្រោមការដឹកនាំរបស់ Boehly ក្លិប Chelsea បាននាំយកកីឡាករ ៤០ នាក់ និងលក់ចេញ ៣៨នាក់។

Paris Saint-Germain ស្ថិតននៅចំណាត់ថ្នាក់លេខ ៣ ក្នុងនាមក្លិបចំណាយច្រើនជាងគេ ចំនួន ១,០៤ ពាន់លានដុល្លារ។ ក្លិបយក្សបារាំងចាយច្រើនបំផុត នៅពេលពួកគេទិញកីឡាករឆ្នើមដូចជា Kylian Mbappe, Neymar, Lionel Messi និង Sergio Ramos ជាដើម។

ក្លិប Arsenal និង ក្លិប Tottenham Hotspur ស្ថិតក្នុងចំណាត់ថ្នាក់កំពូលទាំង ៥ ដោយក្លិបរហស្សនាមកាំភ្លើងធំចាយប្រាក់អស់ ៨៣៨លានដុល្លារ និងក្លិបរហស្សនាមមាន់ខ្នាយមាសចាយអស់ ៧៤៩លានដុល្លាររៀងគ្នា៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង