
អ្នកគាំទ្រ Aston Villa មានការរំពឹងថា ក្លិបនឹងអាចនាំយកខ្សែបម្រើ Douglas Luiz ត្រឡប់មកវិញ។ នេះបើតាមការផ្សព្វផ្សាយពីសារពត៌មាន Caught Offside។
កីឡាករប្រេស៊ីល បានចាកចេញពី Aston Villa ទៅចូលរួមជាមួយ Juventus តម្លៃ៥០លានអឺរ៉ូនៅរដូវក្តៅនេះ ដោយបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងរយៈពេល ៥ឆ្នាំ ។ ការបញ្ចេញ Douglas Luiz នៅពេលនោះ គឺជាការបង្ខំចិត្តរបស់ក្លិប Aston Villa ដើម្បីបំពេញតាមច្បាប់ប្រាក់ចំណេញ និងនិរន្តរភាព របស់ក្របខណ្ឌ Premier League តែវាក៏បានជួយសម្រួលដល់ការមកដល់របស់កីឡាករថ្មីៗដូចជា Samuel Iling-Junior និង Enzo Barrenechea ផងដែរ។ ខណៈពេលដែលការចាកចេញរបស់កីឡាករវ័យ២៦ឆ្នាំ គឺជាការចាំបាច់ផ្នែកហិរញ្ញវត្ថុ វាក៏ជាការលាគ្នាដ៏ជូរចត់សម្រាប់អ្នកគាំទ្រ Aston Villa ដែលមានភាពសោកស្តាយ ដ្បិតក្លិបបានបាត់បង់កីឡាករដែលតែងតែជួយក្រុមយ៉ាងចាំបាច់នាពេលកន្លងមក។
ក្នុងអំឡុងពេលរបស់ Douglas Luiz នៅ Aston Villa គេបានពង្រឹងកេរ្តិ៍ឈ្មោះក្លាយជាខ្សែបម្រើដ៏គួរអោយទុកចិត្តបំផុតម្នាក់របស់ក្លិបនៅ Premier League មួយនេះ។ ចាប់តាំងពីមកដល់ឆ្នាំ ២០១៩ Douglas Luiz បានក្លាយជាតួអង្គសំខាន់សម្រាប់ក្រុម ដោយបានស៊ុត ២២ គ្រាប់ និង ចែកបាល់សម្រេចទី២៤ដង ក្នុងការបង្ហាញខ្លួន ២០៤ប្រកួតនៅគ្រប់កម្មវិធី។ រដូវកាលឆ្នាំ ២០២៣-២៤ Douglas Luiz មានភាពលេចធ្លោជាមួយ Aston Villa ដោយស៊ុតបាន១០គ្រាប់ និង ចែកបាល់សម្រេចទី១០ដង ក្នុង ៥៣ ប្រកួត ដែលធ្វើអោយរូបគេទទួលបានពានរង្វាន់ជាកីឡាករប្រចាំរដូវកាលរបស់អ្នកគាំទ្រ និងកីឡាករឆ្នើមប្រចាំរដូវកាលផងដែរ។
សម្រាប់ការចាប់ផ្តើមរបស់ Douglas Luiz ជាមួយ Juventus ហាក់មិនមានភាពល្អប្រសើរនោះឡើយ។ រូបគេត្រូវបានញ៉ាំញីដោយបញ្ហារបួស ហើយបានខកខានការប្រកួតចំនួន ៧ ប្រកួតជាប់ៗគ្នា និងបង្ហាញខ្លួនត្រឹមតែ ៩ ប្រកួតប៉ុណ្ណោះនៅគ្រប់ការប្រកួតទាំងអស់ក្នុងរដូវកាលនេះអោយក្លិបសេះបង្កង់។
ខណៈពេលដែល Douglas Luiz មិនអាចបង្ហាញសក្កដានុពលពេញលេញសម្រាប់ការលេងនៅក្របខណ្ឌ Serie A នោះ អ្នកគាំទ្រ Aston Villa ក៏បានសង្ឃឹមថា ក្លិបរបស់ពួកគេនឹងអាចនាំយកកីឡាកររូបនេះ ត្រឡប់មកវិញ ដើម្បីបង្ហាញសមត្ថភាពដ៏លេចធ្លោរបស់គេបានដូចដើម។
ជាមួយនឹងតម្លៃទីផ្សារបច្ចុប្បន្ន ៥៥ លានអឺរ៉ូ Douglas Luiz ត្រូវបានរំពឹងថានឹងបង្ហាញពីជំនាញនិងភាពខ្លាំងក្លា ហើយអាជីពរបស់គេពិតជាមានភាពស្ថិតស្ថេរ បើសិនជារូបគេអាចវិលត្រឡប់មក កីឡដ្ឋាន Villa Park វិញបាន៕