×

គ្រូ Liverpool ថាខ្លួនមានមោទនភាពក្រោយក្រុមផ្តួល Real Madrid លើកដំបូងក្នុងពេល ១៥ឆ្នាំ

គ្រូបង្វឹកលោក Arne Slot បាននិយាយថា រូបលោកមានមោទនភាព និង ភាពរីករាយបំផុត ក្រោយពីក្រុម Liverpool របស់លោក បានយកឈ្នះក្រុម Real Madrid នៅក្នុងការប្រកួត UEFA Champions League ជាលើកដំបូងក្នុងរយៈពេល ១៥ឆ្នាំ។

ជាការពិត Liverpool នៅតែរក្សាភាពខ្លាំងរបស់ខ្លួន ដោយបានយកឈ្នះលើក្រុម Real Madrid លើកដំបូងក្នុងរយៈពេល ១៥ឆ្នាំ ក្នុងពានរង្វាន់ UEFA Champions League តាមរយៈលទ្ធផល ២-០ កាលពីយប់មិញ។

ការប្រកួតនាកីឡដ្ឋាន Anfield នោះ វគ្គទី១ មិនមានគ្រាប់បាល់កើតឡើងនោះទេ។ យ៉ាងណាមិញ ឈានដល់វគ្គទី២ក្រុមហង្សក្រហមក៏អាចរកគ្រាប់បើកឆាកបំបែកភាពស្ងប់ស្ងាត់ ដោយ ខ្សែបម្រើ Alexis Mac Allister ស៊ុតនៅនាទី៥២។ នាទី ៦១ Real Madrid មានឱកាសល្អ គឺការទទួលបានបាល់ពិន័យ១១ម៉ែត្រ ដែលកើតឡើងពីការបង្កកំហុសរបស់ Andrew Robertson លើ Lucas Vazquez។

Kylian Mbappe ជាអ្នកទាត់បាល់ពិន័យ១១ម៉ែត្រនោះ ប៉ុន្តែស៊ុតមិនសម្រេច ដោយការស៊ុតនោះត្រូវបានជួយសង្គ្រោះដោយអ្នកចាំទី Caoimhin Kelleher។ Liverpool នៅនាទី៧០ ក៏មានឱកាសទទួលបានការស៊ុតបាល់ពិន័យ១១ម៉ែត្រ ត្រឡប់មកវិញផងដែរបន្ទាប់ពី Ferland Mendy បង្កកំហុសលើ Mohamed Salah។ Mohamed Salah ជាអ្នកស៊ុត ប៉ុន្តែធ្វើមិនបានសម្រេចដូចគ្នា ។ នាទី៧៦ ខ្សែប្រយុទ្ធ Cody Gakpo បានស៊ុត១គ្រាប់ទៀត ដើម្បីរក្សាលទ្ធផល Liverpool ២ Real Madrid ១ ដល់ចប់ការប្រកួត។

Liverpool បានបង្កើតប្រវត្តិសាស្ត្រថ្មីរបស់ខ្លួនថែមទៀតផងដែរ ដោយពួកគេមិនធ្លាប់បានយកឈ្នះលើក្រុម Real Madrid ម្តងឡើយ គិតចាប់តាំងពីឆ្នាំ ២០០៩ មក។ ការជួបគ្នាចំនួន ៨លើក ក្នុង UEFA Champions League នៅក្នុងចំណោមនោះក៏ជាការប្រកួតវគ្គផ្តាច់ព្រ័ត្រចំនួន ២លើក Liverpool សុទ្ធសឹងតែរងការខកចិត្ត។ ជាមួយលទ្ធផលដ៏ល្អប្រសើរនេះ បានធ្វើអោយគ្រូបង្វឹក Liverpool លោក Arne Slot មានការសប្បាយរីករាយ និង ថាខ្លួនមានមោទនភាពចំពោះកូនក្រុមជាខ្លាំង។

លោក Arne Slot បានអោយដឹងដូច្នេះ “ខ្ញុំតែងតែរីករាយនៅពេលកូនក្រុមធ្វើបានល្អ និង ឈ្នះការប្រកួតជាពិសេស ឈ្នះការប្រកួតធំដូចជា UEFA Champions League ទល់នឹងក្រុមជើងខ្លាំង Real Madrid។ ខ្ញុំពិតជារំភើប ចំពោះអ្វីដែលកូនក្រុមខ្ញុំបានធ្វើសម្រេចក្នុងពេលនេះ។”

ជាមួយនឹងទម្រង់រូមមន្តនៃការប្រកួតថ្មីរបស់ UEFA Champions League ក្រុម Liverpool បច្ចុប្បន្នរកបាន ១៥ពិន្ទុ ពីការប្រកួតចំនួន ៥លើក មិនទាន់ចាញ់ការប្រកួតនៅឡើយ ដើម្បីឈរនៅតំណែងកំពូលតារាង ខណៈពេលដែល Real Madrid ស្ថិតនៅចំណាត់ថ្នាក់លេខ ២៤ រកបានទើបតែ ៦ពិន្ទុ។ ក្រុមមានចំណាត់ថ្នាក់ពីលេខ ១ ដល់ ៨ នឹងទទួលបានកៅអីវគ្គ ១៦ក្រុមស្វ័យប្រវត្តិ ខណៈត្រូវរង់ចាំក្រុមពីលេខ ៩-២៤ ប្រកួតជម្រុះ Playoffs ជាមុនសិនដើម្បីដណ្តើមកៅអី Playoffs៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង