×

Brentford ឈ្នះបណ្តឹងឧទ្ទរណ៍លើការពិន័យខ្សែបម្រើ Christian Norgaard

Brentford បានឈ្នះបណ្តឹងឧទ្ទរណ៍ទៅលើការពិន័យប្រធានក្រុមរបស់ពួកគេគឺខ្សែបម្រើ Christian Norgaard ដែលត្រូវពិន័យកាតក្រហមក្នុងជំនួបទល់នឹង Everton កាលពីពេលកន្លងទៅ។

ការប្រកួតក្របខណ្ឌ Premier League ២០២៤-២៥ សប្តាហ៍ទី១២ ដែលធ្វើឡើងនាកីឡដ្ឋានGoodison Park បញ្ចប់ទៅក្នុងលទ្ធផលស្មើគ្នា ០-០ កីឡាករ Christian Norgaard ត្រូវបានរងពិន័យកាតក្រហមបណ្តេញចេញពីទីលាននៅនាទី៤១ ក្រោយការប៉ះទង្គិចជាមួយអ្នកចាំទីម្ចាស់ផ្ទះ Jordan Pickford។

ប្រព័ន្ធវីដេអូ ជំនួយការអាជ្ញាកណ្តាល VAR បានណែនាំអោយមន្ត្រីអាជ្ញាកណ្តាលលើទីលានលោក Chris Kavanagh គួរតែពិនិត្យមើលឧប្បត្តិហេតុនៅលើអេក្រង់។ ក្រោយការពិនិត្យរួច មន្ត្រីអាជ្ញាកណ្តាលរូបនោះ ក៏បានដកកាតក្រហមពិន័យទៅលើ កីឡាករ ដាណឺម៉ាក វ័យ៣០ឆ្នាំ តែម្តង ហើយកាតក្រហមនោះនឹងធ្វើអោយរូបគេត្រូវអវត្តមាន ៣ប្រកួត ដោយសារវាជាកំហុសធ្ងន់ធ្ងរ។

យ៉ាងណាមិញ ក្លិប Brentford មិនបានយល់ស្របចំពោះការពិន័យនោះទេ នឹងបានរៀបចំពាក្យបណ្តឹងឧទ្ទរណ៍ ប្រឆាំងនឹងការសម្រេចចិត្តរបស់អាជ្ញាកណ្តាល។ ក្រោយការដាក់ពាក្យប្តឹងតវ៉ា និង ការវិនិច្ឆ័យកន្លងមក សមាគមបាល់ទាត់អង់គ្លេសបានមើលឃើញថា នោះជាការសម្រេចចិត្តខុសរបស់អាជ្ញាកណ្តាល ហើយពួកគេក៏កាត់ក្តីអោយ Brentford ឈ្នះបណ្តឹងតែម្តង ដែលមានន័យថា កីឡាករ Christian Norgaard បានគេចផុតពីការពិន័យ ដោយជោគជ័យ។

ដូច្នេះ Christian Norgaard នឹងមានសិទ្ធចូលរួមជាមួយមិត្តរួមក្រុមនៅក្នុងការប្រកួតរបស់ពួកគេបានជាធម្មតា។

Brentford នឹងបន្តការប្រកួត ក្របខណ្ឌ Premier League ឈានដល់សប្តាហ៍ទី១៣ ដែលធ្វើឡើងនា ចុងសប្តាហ៍នេះ ដោយត្រូវបើកទ្វារកីឡដ្ឋាន Gtech Community Stadium ស្វាគមន៍ក្រុម Leicester City។
ឆ្លងកាត់១២ប្រកួតកន្លងមក Brentford ឈ្នះ ៥ ស្មើ ២ ចាញ់ ៥ មាន ១៧ពិន្ទុ កំពុងឈរលេខ១១ក្នុងតារាងពិន្ទុ Premier League ខណៈ Leicester City ឆ្លងកាត់១២ប្រកួតដូចគ្នា មានលទ្ធផល ឈ្នះ ២ ស្មើ៤ ចាញ់៦ មាន១០ពិន្ទុឈរលេខ១៦៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង