×

Man UTD រងការរិះគន់ពីអ្នកគាំទ្ររឿងដំឡើងថ្លៃសំបុត្រទស្សនាការប្រកួត

ក្លិប Man UTD បានរងការរិះគន់ពីសំណាក់អ្នកគាំទ្រ ក្រោយពីក្លិបបានសម្រេចដំឡើងថ្លៃសំបុត្រទស្សនាការប្រកួតចាប់ពីពាក់កណ្តាលរដូវកាលតទៅ។

តម្លៃសំបុត្រចូលទស្សនាការប្រកួតនៅកីឡដ្ឋាន Old Trafford នាពេលកន្លងមក មានតម្លៃ ៤០ផោន សម្រាប់មនុស្សធំ និង ២៥ផោនសម្រាប់កុមារ។ ទោះយ៉ាងណា ពេលនេះ ក្លិបបិសាចក្រហមបានដំឡើងតម្លៃសំបុត្រដល់ទៅ ៦៦ផោន ដោយគ្មានករណីលើកលែង សម្រាប់កុមារ ឬ អ្នកចូលនិវត្តន៍នោះឡើយ ។

កត្តាដែលនាំអោយក្លិប Man UTD ដំឡើងថ្លៃសំបុត្រគឺបង្កើនចំណូលរបស់ក្លិបមកវិញ បន្ទាប់ពីពួកគេបានចំណាយ ១០,៤ លានផោន សម្រាប់ការផ្តាច់កុងត្រាជាមួយអតីតគ្រូបង្វឹកលោក Erik ten Hag និង ក្រុមបុគ្គលិករបស់លោក រួមទាំងការចំណាយ ១១លានផោន ក្នុងការផ្តាច់កុងត្រារបស់លោក Ruben Amorim ពីក្លិប Sporting CP ហើយនាំយករូបលោកមកជាគ្រូបង្វឹកថ្មី។

Man UTD បានប្រកាសពីការដំឡើងថ្លៃសំបុត្រចូលទស្សនាការប្រកួតតាមរយៈគេហទំព័ររបស់ក្លិប ដែលធ្វើអ្នកគាំទ្រមិនពេញចិត្ត និង រិះគន់យ៉ាងខ្លាំង។ ទោះយ៉ាងណា ក្លិបបានអះអាងថា ការសម្រេចចិត្តនេះនឹងនាំអោយមានផលប៉ះពាល់ដល់ចំនួនអ្នកគាំទ្រតិចតួចប៉ុណ្ណោះ ដ្បិតសំបុត្រចូលទស្សនាការប្រកួតចំនួន៩៧ភាគរយ បានលក់ដាច់រួចទៅហើយ។

បែបនេះក្តី បញ្ហាដំឡើងថ្លៃសំបុត្រ បានក្លាយជារឿងដែលអ្នកគាំទ្រ Man UTD បន្តជជែកវែកញែក។ នៅក្នុងលិខិតចំហមួយទៅកាន់នាយកប្រតិបត្តិរបស់ Man UTD លោក Omar Berrada ក្រុមអ្នកគាំទ្រ Man UTD ដែលមានឈ្មោះថា ក្រុម 1958 បានពណ៌នាការសម្រេចចិត្តថាជា ការកេងប្រវ័ញ្ចចំពោះភាពស្មោះត្រង់របស់អ្នកគាំទ្រ។

ក្រុម 1958 ដែលដឹកនាំការតវ៉ាប្រឆាំងនឹងការដឹកនាំក្លិបរបស់គ្រួសារ Glazer មុនពេលក្រុមហ៊ុន Ineos បានយល់ព្រមលើការទិញផ្នែកមួយនៃភាគហ៊ុនរបស់ក្លិបកាលពីខែធ្នូមុន បាននិយាយថា ពួកគេកំពុងរៀបចំផែនការតវ៉ារួមគ្នាជាមួយអ្នកគាំទ្រ Everton មុនពេលការប្រកួត Premier League រវាងក្រុមទាំង២កើតឡើងនៅចុងសប្តាហ៍នេះ។

ពាក់ព័ន្ធនឹងការដំឡើងថ្លៃសំបុត្រនេះដែរ ក្លិប Man UTD អះអាងថា ពួកគេត្រូវការរកប្រាក់អោយបានច្រើនតាមដែលអាចធ្វើបាន ដើម្បីរក្សាបាននូវប្រាក់ចំណេញ និងនិរន្តរភាពតាមច្បាប់នៃក្របខណ្ឌ Premier League បូកផ្សំនឹងគម្រោងនាំយកកីឡាករថ្មីៗ ដែលពួកគេសង្ឃឹមថានឹងធ្វើអោយក្រុមរបស់ Amorim មានការប្រកួតប្រជែងកម្រិតខ្ពស់ឡើងវិញ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង