×

លោក Ruben Amorim ថា ខ្លួនបានធូរស្រាលផ្លូវចិត្តក្រោយ Man UTD ទទួលបានជ័យជម្នះ

លោក Ruben Amorim បាននិយាយថា រូបលោកមានភាពធូរស្រាលក្នុងចិត្តក្រោយពីក្រុម Man UTD របស់លោកទទួលបានជ័យជំនះទៅលើក្រុម Bodø/Glimt កាលពីយប់មិញ។

ជាការពិត Man UTD បានយកឈ្នះក្រុមភ្ញៀវ Bodo/Glimt នៅក្នុងលទ្ធផល ៣-២ ស្ថិតក្នុងជំនួបក្របខណ្ឌ UEFA Europa League និងជាការរកបានជ័យជំនះលើកដំបូងក្រោមការដឹកនាំរបស់លោក Ruben Amorim ជាគ្រូបង្វឹកថ្មី។

នៅដើមការប្រកួតត្រឹមតែរយៈពេល ១នាទី ប៉ុណ្ណោះ Man UTD បានបើកឱកាសស៊ុតបាល់នាំមុខបញ្ចូលទី ១គ្រាប់ ដែលជាការសម្រេចបានដោយខ្សែប្រយុទ្ធវ័យក្មេង Alejandro Garnacho ។ យ៉ាងណា ក្រុម Bodø/Glimt មកពីន័រវែស ក៏បានស៊ុតបាល់តាមស្មើមកវិញ នៅនាទី២៣ ដោយកីឡាករ Hakon Evjen មុនពេលគ្រាប់បាល់នាំមុខនៅនាទី៣១ ធ្វើបានដោយកីឡាករ Philip Zinckernagel។ ទោះជាបែបនេះក្តី Man UTD ក៏មិនបណ្តោយអោយការប្រកួតនៅវគ្គទីមួយបញ្ចប់ទៅ ត្រូវបានក្រុមភ្ញៀវនាំមុខឡើយ ដោយខ្សែប្រយុទ្ធ Rasmus Hojlund ក៏អាចស៊ុតបាល់បញ្ចូលទី ជាគ្រាប់តាមស្មើមកវិញនៅនាទី៤៥+១។

ចូលវគ្គទី២ បានត្រឹមតែ ៥នាទី Rasmus Hojlund ដដែល ក៏មានឱកាសស៊ុតបាល់គ្រាប់ទី៣របស់ Man UTD ដែលលទ្ធផលនេះបានរក្សាដល់ចប់ការប្រកួត និងបាននាំយកជ័យជំនះសម្រាប់ក្រុមបិសាចក្រហម។

វាជាការឈ្នះលើកដំបូង សម្រាប់លោក Ruben Amorim ដែលជាគ្រូបង្វឹកក្រុម Man UTD ថ្មី។ ជ័យជំនះនេះដែរ បានធ្វើអោយលោក Ruben Amorim មានភាពធូរស្រាល បន្ទាប់ពីមានភាពតានតឹងក្នុងចិត្តដោយលោកបានដឹកនាំការប្រកួតដំបូង គឺបានត្រឹមតែស្មើទល់នឹងក្រុម Ipswich Town លទ្ធផល ១-១ នៅក្របខណ្ឌ Premier League ។

គ្រូបង្វឹកជនជាតិព័រទុយហ្កាល់បានអោយដឹងក្រោយចប់ការប្រកួតថា “មុនការប្រកួតមកដល់ ខ្ញុំព្រួយបារម្ភព្រោះខ្ញុំមិនដឹងថានឹងមានអ្វីកើតឡើង អ្នកមិនគ្រប់គ្រងអ្វីនៅពេលនេះ។ ខ្ញុំទើបតែធ្វើការងារជាមួយពួកគេ ហើយខ្ញុំមិនទាន់ស្គាល់កីឡាកររបស់ក្រុមច្បាស់នោះទេ។”

លោក Ruben Amorim បន្តថា “ប៉ុន្តែពេលនេះ ខ្ញុំបានធូរស្រាលហើយ។ យើងបានចាប់ផ្តើមយ៉ាងល្អ ខ្ញុំចូលចិត្តវិធីដែលកីឡាករព្យាយាមលេង។ ពួកគេពិតជាព្យាយាម ហើយខ្ញុំគិតថាយើងសមនឹងទទួលបានជ័យជម្នះ។”

ស្ថិតក្នុងពានរង្វាន់ UEFA Europa League ក្រុមបិសាចក្រហម ឆ្លងកាត់ ៥ប្រកួត មិនទាន់ចាញ់ទេ ដោយឈ្នះ២ ស្មើ៣ រកបាន ៩ពិន្ទុ និងឈរនៅចំណាត់ថ្នាក់លេខ ១២ ក្នុងតារាង៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង