គ្រូបង្វឹក Brighton លោក Fabian Hurzeler បាននិយាយថា លោកនឹងមិនអោយខ្សែប្រយុទ្ធ Evan Ferguson លេងជាកីឡាករខ្ចីជើងនៅក្រុមផ្សេងទេ ប៉ុន្តែរូបគេត្រូវតែទទួលយក តួនាទីតាមការចង់បានរបស់ក្រុម។
កីឡាករអៀរឡង់ មិនសូវបានបង្ហាញខ្លួនក្នុងការប្រកួតក្របខណ្ឌ Premier League រដូវកាលនេះទេ ដោយភាគច្រើនឱកាសនៃការលេងរបស់គេបានរបូតទៅកាន់ Danny Welbeck, Georginio Rutter និង Joao Pedro វិញ ។
Evan Ferguson បានអវត្តមានជិត ៥ ខែក្នុងឆ្នាំនេះ ដោយសាររបួសកជើង ហើយត្រូវរង់ចាំរហូតដល់ពាក់កណ្តាលខែកញ្ញា ដើម្បីបង្ហាញខ្លួនជាលើកដំបូងក្នុងរដូវកាលនេះ។
ក្លិប Brighton ចង់អោយកីឡាករវ័យ២០ឆ្នាំ ទៅលេងអោយក្លិបផ្សេងក្នុងលក្ខខណ្ឌខ្ចីជើង នៅក្នុងទីផ្សារដោះដូរកីឡាករខែមករាខាងមុខ ប៉ុន្តែគ្រូបង្វឹកលោក Fabian Hurzeler បានបដិសេធគម្រោងនេះ។
ជុំវិញការបដិសេធលើការបញ្ចញ Evan Ferguson នេះដែរ លោក Fabian Hurzeler បាននិយាយថា “ខ្ញុំសប្បាយចិត្តដែលមាន Evan Ferguson នៅទីនេះ។ ខ្ញុំពេញចិត្តពីរបៀបដែលគេកំពុងហ្វឹកហាត់ និងស្មារតីរបស់គេ។ ពិតណាស់ គេជាកីឡាករវ័យក្មេង ហើយត្រូវការពេលវេលាអភិវឌ្ឈន៍ខ្លួន។ មែនទែនទៅក្លិបមិនចង់រក្សាទុក Evan Ferguson នោះទេ ប៉ុន្តែខ្ញុំចង់ឃើញពីសក្កដានុពលរបស់គេ ហើយបើគេចង់នៅរួមក្រុមបន្ត គេត្រូវតែទទួលយកតួនាទី ការងារតាមការចង់បានរបស់ក្រុម។”
Evan Ferguson បានចុះហត្ថលេខាបន្តកុងត្រារយៈពេល៦ឆ្នាំជាមួយក្លិប Brighton នៅឆ្នាំ២០២៣។ គេត្រូវបានគេដាក់ឈ្មោះថាជាកីឡាករឆ្នើមវ័យក្មេងប្រចាំឆ្នាំរបស់ក្លិបសម្រាប់រដូវកាល ២០២២-២៣ ដោយអាចស៊ុត Hat-trick ទល់នឹង Newcastle United កាលពីរដូវកាលមុន ដោយកាលណោះគេទើបមានវ័យ១៨ឆ្នាំប៉ុណ្ណោះ ហើយសមិទ្ធិផលនេះធ្វើអោយ Evan Ferguson កីឡាករទី៣ដែលធ្វើបានដូចនេះសម្រាប់ក្លិប Brighton៕