×

លោក Ruud van Nistelrooy សម្រេចចិត្តទទួលយកការងារនៅ Leicester City

សារព័ត៌មាន Footboom1 បានរាយការណ៍អោយដឹងថា លោក Ruud van Nistelrooy បានសម្រេចចិត្តទទួល យកការងារជាគ្រូបង្វឹក ក្លិប Leicester City នៅលីគកំពូលអង់គ្លេស ហើយបន្ទាប់ពីបានចាកចេញ ពីក្លិបបិសាចក្រហម Man UTD រួចមក។

បុរសជនជាតិហូឡង់វ័យ៤៨ឆ្នាំ បានទទួលសំណើដឹកនាំជាច្រើនពីក្លិបនានានៅអឺរ៉ុប ប៉ុន្តែក្លិប Leicester City បានដាក់រូបលោកជាបេក្ខភាពនាំមុខគេសម្រាប់តួនាទីជាគ្រូបង្វឹកថ្មី បន្ទាប់ពីការពិចារណាលើបេក្ខភាពដែលមានសក្តានុពលផ្សេងទៀត ដូចជា លោក Niko Kovac អតីតគ្រូបង្វឹក Bayern Munich និង Wolfsburg រួមទាំងលោក Carlos Corberan ដែលជាគ្រូបង្វឹកក្លិបលីគទី២អង់គ្លេស West Bromwich Albion ។

លោក Van Nistelrooy ដែលបានចូលរួមជាមួយ Manchester United ក្នុងតួនាទីជាជំនួយការគ្រូបង្វឹកកាលពីរដូវក្តៅមុននោះ គឺមិនទាន់មានក្លិបដឹកនាំទេ បន្ទាប់ពីបានលាលែងពីតំណែងជាគ្រូបង្វឹកនៅក្លិបហូឡង់ PSV Eindhoven មុនពេលយុទ្ធនាការឆ្នាំ ២០២២-២៣ ត្រូវបានបញ្ចប់។ លោកបានមករួមការងារជាមួយគ្រូបង្វឹកលោក Erik ten Hag នៅកីឡដ្ឋាន Old Trafford ប៉ុន្តែក៏បានឡើងក្លាយជាគ្រូបង្វឹកបណ្តោះអាសន្នរបស់ក្រុមបិសាចក្រហមមួយរយៈពេលខ្លី បន្ទាប់ពីលោក Erik ten Hag ត្រូវបណ្តេញចេញពីតំណែង។

ការដឹកនាំត្រឹម៤ប្រកួតរបស់លោក Van Nistelrooy បានទាក់ទាញ់ការចាប់អារម្មណ៍យ៉ាងខ្លាំង ដោយបានជួយ Manchester United ឈ្នះ៣ ស្មើ១ ហើយក្នុងនោះ បានឈ្នះ Leicester City ដល់ទៅ២ដង ក្នុងក្របខណ្ឌ ២ផ្សេងគ្នា គឺឈ្នះនៅក្របខណ្ឌ Premier League ៣-០ និងឈ្នះនៅ EFL Cup ជុំទី៤ ៥-២។ ទោះយ៉ាងណា ក្លិបក៏មិនបានផ្តល់ឱកាសការងារដទៃទៀតដល់លោក Nistelrooy ឡើយ បន្ទាប់ពីការមកដល់របស់លោក Ruben Amorim។

ជាមួយលទ្ធផលល្អបែបនេះហើយ ទើប Leicester City ប៉ុនប៉ងនាំយកលោក Ruud van Nistelrooy មកជាគ្រូបង្វឹកថ្មីអោយបាន ហើយលទ្ធផលក៏បានចេញជាផ្លែផ្កាតាមការចង់បានរបស់ក្លិបផងដែរ។
Leicester City បច្ចុប្បន្នកំពុងឈរលេខ ១៦ក្នុងតារាងពិន្ទុ Premier League មាន ១០ ពិន្ទុ ពីលើតំបន់កាត់ចោលតែ១ពិន្ទុ។ ពួកគេនឹងត្រូវជួបក្រុម Brentford នៅចុងសប្តាហ៍នេះ នាកីឡដ្ឋាន Brentford Community Stadium៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង