អ្នកគាំទ្រក្លិប Premier League ចំនួន៤ ដែលមានអ្នកគាំទ្ររបស់ក្លិប Everton, Liverpool, Manchester City និង Manchester United នឹងចូលរួមកម្លាំងគ្នានៅចុងសប្តាហ៍នេះ ដើម្បីតវ៉ាចំពោះការកើនឡើងតម្លៃសំបុត្រចូលទស្សនាការប្រកួត។
ដើម្បីជាការគាំទ្រដល់យុទ្ធនាការរបស់សមាគមអ្នកគាំទ្របាល់ទាត់ FSA អ្នកគាំទ្រ Manchester United គ្រោងនឹងកាន់បដា ‘Stop Exploiting Loyalty’ ដែលមានន័យថា បញ្ឈប់ការកេងប្រវ័ញ្ចចំពោះភាពស្មោះត្រង់របស់អ្នកគាំទ្រ ដោយសកម្មភាពនេះនឹងមានការចូលរួមជាមួយក្រុមអ្នកគាំទ្រ Everton ដែរ មុនពេលក្រុមរបស់ពួកគេត្រូវប្រកួតគ្នានៅជំនួបក្របខណ្ឌ Premier League នាកីឡដ្ឋាន Old Trafford នៅចុងសប្តាហ៍នេះ ។
ដោយឡែក Liverpool ធ្វើជាម្ចាស់ផ្ទះទទួល Manchester City នៅកីឡដ្ឋាន Anfield ចុងសប្តាហ៍នេះ ហើយអ្នកគាំទ្រក្លិបទាំងពីរក៏នឹងបង្ហាញបដា ដែលមានសារស្រដៀងគ្នានៅក្នុងការប្រកួតរវាងក្លិបរបស់ពួកគេដែរ។ ក្លិប Liverpool បានបង្កើនតម្លៃសំបុត្រ ២ភាគរយ សម្រាប់រដូវកាលនេះ ខណៈដែល Manchester City បានដំឡើងថ្លៃសំបុត្រ ជាមធ្យម ៥ភាគរយ ។
Manchester United ត្រូវបានរិះគន់ថា កេងប្រវ័ញ្ចអ្នកគាំទ្រ បន្ទាប់ពីការសម្រេចចិត្ត ដំឡើងថ្លៃសំបុត្រសម្រាប់ការប្រកួតដល់ ៦៦ផោន ក្នុងមួយប្រកួត ចាប់ពីពាក់កណ្តាលរដូវកាលនេះតទៅ ដោយមិនមានករណីលើកលែងសម្រាប់កុមារ ឬអ្នកចូលនិវត្តន៍នោះទេ។
អ្នកនាំពាក្យក្រុមអ្នកគាំទ្រ ក្លិបទាំង៤ បាននិយាយថា “ការប្រកួតប្រជែងរវាងក្លិបទាំង៤នេះ មានភាពខ្លាំងក្លា។ ប៉ុន្តែយើងទាំងអស់គ្នាទៅមើលការប្រកួតព្រោះយើងស្រឡាញ់ក្លិបរបស់យើង ហើយចង់រក្សាបាល់ទាត់អោយមានតម្លៃសមរម្យសម្រាប់មនុស្សជំនាន់ក្រោយ ប៉ុន្តែក្លិបបានឆ្លៀតឱកាសកេងចំណេញលើភាពស្មោះត្រង់របស់យើង ។ មធ្យោបាយតែមួយគត់ដែលយើងអាចសម្រេចបាននេះគឺការសហការគ្នាជាមួយអ្នកគាំទ្រក្លិបដទៃ។ នេះជាជំហានដំបូង ហើយចលនានៃការតវ៉ានេះនឹងរីកចម្រើន។”
ពាក់ព័ន្ធនឹងការដំឡើងថ្លៃសំបុត្រនេះដែរ សម្រាប់ក្លិប Man UTD អះអាងថា ពួកគេត្រូវការរកប្រាក់អោយបានច្រើនតាមដែលអាចធ្វើបាន ដើម្បីរក្សាបាននូវប្រាក់ចំណេញ និងនិរន្តរភាពតាមច្បាប់នៃក្របខណ្ឌ Premier League បូកផ្សំនឹងគម្រោងនាំយកកីឡាករថ្មីៗ ដែលពួកគេសង្ឃឹមថានឹងធ្វើអោយក្រុមរបស់ Amorim មានការប្រកួតប្រជែងកម្រិតខ្ពស់ឡើងវិញ៕