ក្លិប Tottenham Hotspur ត្រូវបានគេរាយការណ៍មកថាចង់ចុះហត្ថលេខាលើអ្នកចាំទីថ្មីមួយរូប ដោយក្នុងនោះកីឡាករ Anthony Patterson របស់ក្លិបលីគទី២អង់គ្លេស Sunderland កំពុងស្ថិតក្នុងគោលដៅរបស់ពួកគេ។
កីឡាករវ័យ ២៤ ឆ្នាំ ធ្វើបានយ៉ាងល្អនៅក្នុងក្របខណ្ឌ Championship ហើយសមត្ថភាពរបស់គេបានទាក់ទាញចំណាប់អារម្មណ៍របស់ Liverpool និង Manchester United នាពេលកន្លងមក។
យោងតាមរបាយការណ៍ពីសារពត៌មាន The Sun ក្លិប Tottenham Hotspur កំពុងសម្លឹងមើលឃើញ Anthony Patterson ជាជម្រើសជំនួសអ្នកចាំទី Guglielmo Vicario ដែលបានរងរបួសធ្ងន់ធ្ងរនឹងត្រូវសម្រាកជាច្រើនខែ។ Tottenham Hotspur គ្រោងនឹងចុះហត្ថលេខាលើ Anthony Patterson នៅពេលដែលទីផ្សារដោះដូរកីឡាករបើកឡើងវិញក្នុងខែមករា។
បច្ចុប្បន្ន Tottenham Hotspur នៅសល់តែអ្នកចាំទី Fraser Forster តែមួយគត់ដែលត្រូវរ៉ាប់រងគ្រប់ការប្រកួត ហើយកីឡាករអង់គ្លេសរូបនេះឈានដល់វ័យជ្រេគឺវ័យ៣៦ឆ្នាំទៅហើយ។ ដូច្នេះ ក្លិបត្រូវការស្វែងរកជម្រើសអ្នកចាំទីដែលមានវ័យក្មេងជាង ហើយ Anthony Patterson នឹងក្លាយជាជម្រើសដ៏ស័ក្កសម។
ទោះយ៉ាងណា Sunderland ប្រហែលជាមិនចាប់អារម្មណ៍ក្នុងការលក់កីឡាករសំខាន់របស់ពួកគេនៅពាក់កណ្តាលរដូវកាលនេះទេ ប៉ុន្តែ Tottenham Hotspur ប្រហែលជាត្រូវចំណាយច្រើន ដើម្បីបញ្ចុះបញ្ចូលអោយ Sunderland ព្រមលក់កីឡាករ Anthony Patterson អោយពួកគេ។
Guglielmo Vicario គឺជាកីឡាករសំខាន់សម្រាប់ Tottenham Hotspur ចាប់តាំងពីបានចូលរួមជាមួយក្លិប ហើយរបួសរបស់កីឡាករអ៊ីតាលីពិតជានឹងធ្វើអោយក្រុមមាន់ខ្នាយមាស ភាពមានភាពធ្លាក់ចុះ។ បែបនេះហើយ Tottenham Hotspur នឹងត្រូវរៀបចំផែនការជាបន្ទាន់ ដើម្បីដោះស្រាយអវត្តមានរបស់គេ ដោយក្នុងនោះការចុះហត្ថលេខាកីឡាករត្រឹមត្រូវក្នុងខែមករានឹងប្រាកដជាជួយពួកគេបញ្ចប់រដូវកាលក្នុងលទ្ធផលល្អប្រសើរ។
សម្រាប់ Anthony Patterson ត្រូវបានជឿថា មានគំនិតចង់ចូលរួមជាមួយ Tottenham Hotspur ផងដែរ ដ្បិតរូបគេចង់បង្កើនសមត្ថភាពរបស់ខ្លួនក្នុងការលេងនៅលីគកំពូលអង់គ្លេស ជាជាងការលេងនៅលីគទី២ ហើយបើសិនជាការផ្លាស់ប្តូរដំណើរការទៅបាន នោះវានឹងក្លាយជាជំហានធំមួយក្នុងអាជីពរបស់គេ៕