
ក្លិប Aston Villa ត្រូវបានគេរាយការណ៍ថាចង់ចុះហត្ថលេខាលើខ្សែបម្រើប្រយុទ្ធ Romano Schmid របស់ក្លិបអាល្លឺម៉ង់ Werder Bremen។
យោងតាមសារពត៌មាន Football Insider ក្លិប Aston Villa សង្ឃឹមថានឹងបន្ថែមគុណភាព និងភាពស៊ីជម្រៅបន្ថែមទៀតដល់តំបន់ប្រយុទ្ធរបស់ក្រុម ហើយពួកគេជឿថា កីឡាករជនជាតិអូទ្រីស វ័យ ២៤ ឆ្នាំអាចបំពេញតម្រូវការនេះបាន។
Aston Villa បច្ចុប្បន្នកំពុងប្រកួតប្រជែងក្នុង UEFA Champions League ហើយពួកគេនឹងសម្លឹងរកការទទួលបានវគ្គជម្រុះទ្វីបអឺរ៉ុបសម្រាប់រដូវកាលក្រោយផងដែរ។ ការចុះហត្ថលេខាលើកីឡាករដែលត្រឹមត្រូវនឹងជួយពួកគេបញ្ចប់រដូវកាលក្នុងលទ្ធផលល្អយ៉ាងខ្លាំង។
កន្លងមក Aston Villa បានពឹងផ្អែកលើស្ទើរតែទាំងស្រុងលើ Morgan Rogers សម្រាប់ការប្រកួតប្រជែង។ ដូច្នេះក្លិបចង់បានកីឡាករមកបន្ថែមដើម្បីបង្កើនសមត្ថភាពនិងបច្ចេកទេសបន្ថែមទៀត ហើយ Romano Schmid ត្រូវបានមើលឃើញថា ភាពច្នៃប្រឌិត ដែលស័ក្កសមសម្រាប់ Aston Villa។
ឱកាសផ្លាស់មកក្លិបនៅក្របខណ្ឌ Premier League នឹងមានភាពទាក់ទាញសម្រាប់ Romano Schmid ផងដែរ ហើយវានឹងក្លាយជាជំហានធំមួយក្នុងអាជីព ដែលគេនឹងអាចបង្ហាញពីគុណភាពក្នុងបាល់ទាត់អង់គ្លេស។
Aston Villa មានក្រុមដែលមានគុណភាព មានគ្រូបង្វឹកលោក Unai Emery ដែលមានបច្ចេកទេសក្នុងការដឹកនាំ ដែលនឹងធ្វើអោយ Romano Schmid មានគំនិតចង់ចូលរួមជាមួយពួកគេ។ មួយវិញទៀត Aston Villa មួយរយៈកាលចុងក្រោយនេះ មានភាពមិនស៊ីចង្វាក់គ្នា ដោយសារមានចន្លោះប្រហោង។ ការនាំយកកីឡាករថ្មីដែលមានគុណភាពនៅក្នុងទីផ្សារដោះដូរខែមករា នឹងអាចដោះស្រាយបញ្ហាដែលកំពុងកើតឡើង។
ដោយឡែក សម្រាប់ក្លិប Werder Bremen ក៏ត្រូវបានដឹងថា ចង់បញ្ចេញ Romano Schmid ផងដែរ ហើយពួកគេអាចនឹងលក់កីឡាកររូបនេះក្នុងតម្លៃសមរម្យមួយ ដើម្បីយកប្រាក់ទៅវិនិយោគនៅក្នុងក្លិប ដែលធ្វើអោយ មានការជឿថា ការផ្លាស់រូបគេទៅកាន់ Aston Villa នឹងកើតមានឡើងក្នុងកម្រិតខ្ពស់នៅពេលខាងមុខ៕