
មានការរាយការណ៍អោយដឹងថា ក្លិប Man UTD បានកំពុងតែពិចារណាទៅលើការផ្ទេរយកខ្សែការពារ Theo Hernandez របស់ក្លិប AC Milan ដើម្បីមកពង្រឹងតំបន់ខ្សែការពាររបស់ពួកគេ ។
គ្រូបង្វឹកថ្មី Man UTD លោក Ruben Amorim មើលទៅពិតជាពេញចិត្តទៅនឹងទម្រង់លេង របស់ កីឡាករបារាំង ហើយកំពុងបន្ត ពិភាក្សាជាមួយនឹងក្លិប ដើម្បីអាចចរចានាំយករូបគេមករួមក្លិប បានក្នុងតំណែងជាខ្សែការពារស្លាបឆ្វេង ។
មែនទែនទៅ Man UTD បានសម្លឹងឃើញខ្សែការពារ Alphonso Davies របស់ក្លិប Bayern Munich ជាគោលដៅចម្បងទេ ប៉ុន្តែលទ្ធភាពនៃការនាំយកកីឡាករកាណាដា វ័យ ២៤ឆ្នាំ ពីក្លិបអាល្លឺម៉ង់ ហាក់មានភាពលំបាកខ្លាំង ដូច្នេះទើបពួកគេបង្វែរគោលដៅទៅកាន់កីឡាករ Theo Hernandez របស់ AC Milan វិញ។
បច្ចុប្បន្ន Theo Hernandez ជាកីឡាករដ៏សំខាន់របស់គ្រូបង្វឹក លោក Paulo Fonseca នៅ AC Milan ហើយមិនត្រឹមតែប៉ុណ្ណោះ រូបគេក៏បានទទួលទំនុកចិត្តអោយកាន់តំណែង ជាប្រធានក្រុមផងដែរដូច្នេះការផ្ទេរកីឡាករ ដ៏មានសក្តានុពលនេះក៏មិនមែនជារឿងងាយស្រួលសម្រាប់ក្រុមបិសាចក្រហមនោះទេ។ មួយវិញទៀតតម្លៃខ្លួនរបស់កីឡាករ វ័យ២៧ឆ្នាំ ក៏មានតម្លៃខ្ពស់ ដោយអាចមានតម្លៃរហូតដល់ទៅ ៦០លានអឺរ៉ូ។
Theo Hernandez នៅរដូវកាលនេះបានបង្ហាញខ្លួន ១៦ប្រកួត រកបាន ២គ្រាប់ សម្រាប់ AC Milan នៅក្នុងការប្រកួតគ្រប់កម្មវិធី។
រូបគេមានកិច្ចសន្យាជាមួយក្លិបរហូតដល់ ខែមិថុនា ឆ្នាំ២០២៦ ខណៈការចរចាកុងត្រាថ្មី ក៏កំពុងត្រូវបានក្លិប AC Milan រៀបចំធ្វើឡើងសម្រាប់កីឡាកររូបនេះផងដែរ៕