×

លោក Enzo Maresca ថា Chelsea មិនទាន់គ្រប់គ្រាន់ប្រជែងជើងឯក Premier League

គ្រូបង្វឹក Chelsea លោក Enzo Maresca បានទទូចថា ក្រុមតោខៀវរបស់លោកនៅមិនទាន់ត្រៀមខ្លួន និងមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ សម្រាប់ការប្រកួតប្រជែងដណ្តើមជើងឯកពានរង្វាន់ Premier League នោះទេ។

ក្រុម Chelsea ទើបតែបានយកឈ្នះក្រុម Aston Villa ៣-០ ក្នុងការប្រកួតក្របខណ្ឌ Premier League កាលពីចុងសប្តាហ៍កន្លងទៅ។ លទ្ធផលនេះមានន័យថា ក្រុមតោខៀវ មិនចាញ់ ៥ប្រកួតជាប់គ្នា នៅក្របខណ្ឌ Premier League រាប់ចាប់តាំងពីការចាញ់ Liverpool ២-១ កាលពីខែតុលាកន្លងទៅ។

មានលទ្ធផលគួរអោយចាប់អារម្មណ៍បែបនេះក្តី លោក Enzo Maresca ក្នុងរដូវកាលដំបូងរបស់ខ្លួនទទួលបន្ទុកដឹកនាំក្រុម Chelsea បន្ទាប់ពីលោក Mauricio Pochettino នោះ ជឿជាក់ថា ក្រុមកីឡាកររបស់លោកនៅក្មេងខ្ចីណាស់ ហើយត្រូវការបទពិសោធន៍បន្ថែមទៀតមុនពេលពួកគេអាចគិតអំពីការប្រកួតប្រជែងយកជើងឯក Premier League ជាមួយក្រុមដទៃ។

ជុំវិញរឿងនេះ គ្រូបង្វឹក វ័យ៤៤ឆ្នាំ បានអោយដឹងថា “យើងមិនទាន់បានត្រៀមខ្លួនជាស្រេចក្នុងការប្រកួតប្រជែងជាមួយក្រុមធំៗដទៃទៀតដូចជា Liverpool, Arsenal និង Manchester City ដោយសារហេតុផលជាច្រើន។ បើទោះជាយើងមានលទ្ធផលល្អប៉ុន្មានប្រកួតមកនេះ ប៉ុន្តែខ្ញុំនឹងមិនផ្លាស់ប្តូរគំនិតរបស់ខ្ញុំទេ។ យើងមិនទាន់បានត្រៀមខ្លួនរួចជាស្រេចសម្រាប់រឿងនោះទេ។ ប៉ុន្តែអ្វីដែលល្អគឺយើងកំពុងកែលម្អក្រុមរបស់យើង ហើយសង្ឃឹមថាឆាប់ៗនេះយើងអាចឈានដល់កម្រិតនោះបាន។”

ឆ្លងកាត់ ១៣ ប្រកួតនៅលីគកំពូលអង់គ្លេស ២០២៤-២៥ នេះ លោក Enzo Maresca បានដឹកនាំ Chelsea ទទួលលទ្ធផល ឈ្នះ ៧ ស្មើ ៤ ចាញ់២ ដែលបានធ្វើអោយពួកគេឡើងទៅឈរលេខ៣ ក្នុងតារាងពិន្ទុ មាន ២៥ពិន្ទុ ស្មើពិន្ទុ ក្រុមលេខ២ Arsenal និងតិចជាង ៩ពិន្ទុពីក្រុមកំពូលតារាង Liverpool។ ដោយឡែក Chelsea នឹងមានការប្រកួតប្រជែង Premier League ដ៏ស្វិតស្វាញ នៅក្នុងខែធ្នូនេះ គឺពួកគេមានការប្រកួតចំនួន៦ប្រកួត ឯណោះ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង