×

គ្រូថ្មី Leicester City ថា នឹងព្យាយាមនាំយកអារម្មណ៍វិជ្ជមានដល់ក្រុម

គ្រូបង្វឹក Leicester City ដែលទើបទទួលបានតំណែងនាពេលថ្មីៗនេះ លោក Ruud van Nistelrooy បាននិយាយថា លោកចង់នាំយកនូវអារម្មណ៍វិជ្ជមានដល់ក្រុម និងធ្វើអោយកីឡាករមានភាពធូរស្រាល ខណៈលោកក៏ចង់ធានាថា ក្រុមនឹងនៅតែបន្តលេងក្នុងក្របខណ្ឌ Premier League ដដែល។

អតីតខ្សែប្រយុទ្ធ Man UTD លោក Ruud van Nistelrooy ត្រូវបានតែងតាំងមកដឹកនាំ Leicester City ជំនួសលោក Steve Cooper ហើយលោកមានភារកិច្ចជួយស្រោចស្រង់ស្ថានការណ៍របស់ក្រុម ដែលមានភាពយ៉ាប់យ៉ឺន ដោយក្រុមកំពុងឈរនៅលេខរៀងទី ១៦ មាន១០ពិន្ទុ ឃ្លាតតែ១ពិន្ទុពីលើតំបន់កាត់ចោល។

មុនមកធ្វើដំណើរមកកាន់តួនាទីនៅកីឡដ្ឋាន King Power បុរសជនជាតិហូឡង់វ័យ៤៨ឆ្នាំ បានទទួលសំណើដឹកនាំជាច្រើនពីក្លិបនានានៅអឺរ៉ុប ប៉ុន្តែ Leicester City មានភាពរហ័សរហួនក្នុងការចរចានាំយករូបលោកមកបានសម្រេច។ លោក Ruud van Nistelrooy បានយកឈ្នះលើបេក្ខភាពដែលមានសក្តានុពលផ្សេងទៀត ដូចជា លោក Niko Kovac អតីតគ្រូបង្វឹក Bayern Munich និង Wolfsburg រួមទាំងលោក Carlos Corberan ដែលជាគ្រូបង្វឹកក្លិបលីគទី២អង់គ្លេស West Bromwich Albion ។

សម្រាប់ការបង្ហាញខ្លួនជាគ្រូបង្វឹក Leicester City ថ្មីជាផ្លូវការ លោក Ruud van Nistelrooy បានអះអាងថា លោកចង់នាំយកភាពវិជ្ជមានមកកាន់ក្រុមជាមុនសិន ហើយនឹងធ្វើអោយកីឡាករមានភាពធូរស្រាលបន្ទាប់ពីមានភាពតានតឹង ដោយសារលទ្ធផលមិនល្អក្នុងការប្រកួតនាពេលកន្លងមក។

លោក Ruud van Nistelrooy បានអោយដឹងបែបនេះថា “ខ្ញុំបានជួបជាមួយកីឡាករ និង បុគ្គលិករបស់ក្លិប ហើយខ្ញុំឃើញថា គ្រប់គ្នាព្យាយាមក្នុងការងាររបស់ពួកគេណាស់។ ទោះបែបនេះក្តី ស្ថានភាពរបស់ក្រុមនៅតែមានភាពតានតឹង ហើយការមកដល់របស់រូបខ្ញុំនេះ គឺខ្ញុំចង់បំបាត់ភាពតានតឹងទាំងនោះសិន ហើយខ្ញុំចង់ព្យាយាមធ្វើអោយគ្រប់គ្នាមានភាពធូរស្រាល និង មានភាពវិជ្ជមាន។ បន្តិចម្តងៗ យើងព្យាយាមកែប្រែក្រុម អោយមានភាពល្អប្រសើរឡើង។”

Leicester City មានលទ្ធផលមិនល្អទេនៅក្របខណ្ឌ Premier League ដោយ៥ប្រកួតកន្លងមក ពួកគេចាញ់៤ដង ស្មើ ១ ដង ប៉ុណ្ណោះ។ នៅក្នុងខែធ្នូនេះ ពួកគេក៏នឹងមានការប្រកួត Premier League ដ៏មមាញឹក ៦ ប្រកួតទៀត ដែលជាពេលវេលាចាប់ផ្តើមរបស់លោក Ruud van Nistelrooy ដើម្បីបញ្ចេញស្នាដៃ។

លោក Van Nistelrooy ធ្លាប់បានចូលរួមជាមួយ Man UTD ក្នុងតួនាទីជាជំនួយការគ្រូបង្វឹកកាលពីរដូវក្តៅមុន បន្ទាប់ពីបានលាលែងពីតំណែងជាគ្រូបង្វឹកនៅក្លិបហូឡង់ PSV Eindhoven មុនពេលយុទ្ធនាការឆ្នាំ ២០២២-២៣ ត្រូវបានបញ្ចប់។ លោកបានមករួមការងារជាមួយគ្រូបង្វឹកលោក Erik ten Hag នៅកីឡដ្ឋាន Old Trafford ប៉ុន្តែក៏បានឡើងក្លាយជាគ្រូបង្វឹកបណ្តោះអាសន្នរបស់ក្រុមបិសាចក្រហមមួយរយៈពេលខ្លី បន្ទាប់ពីលោក Erik ten Hag ត្រូវបណ្តេញចេញពីតំណែង។

ការដឹកនាំត្រឹម៤ប្រកួតរបស់លោក Van Nistelrooy បានទាក់ទាញ់ការចាប់អារម្មណ៍យ៉ាងខ្លាំង ដោយបានជួយ Man UTD ឈ្នះ៣ ស្មើ១ ហើយក្នុងនោះ បានឈ្នះ Leicester City ដល់ទៅ២ដង ក្នុងក្របខណ្ឌ ២ផ្សេងគ្នា គឺឈ្នះនៅក្របខណ្ឌ Premier League ៣-០ និងឈ្នះនៅ EFL Cup ជុំទី៤ ៥-២។ លទ្ធផលនេះហើយបានធ្វើអោយ Leicester City សម្រេចនាំយករូបលោកមកក្លាយជាគ្រូបង្វឹកថ្មីរបស់ពួកគេ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង