គ្រូបង្វឹកថ្មីរបស់ Man UTD លោក Ruben Amorim បាននិយាយថា រូបលោកចង់ផ្តោតទៅលើទម្រង់ប្រកួតរបស់ក្រុមអោយមានភាពល្អប្រសើរជាងមុន ជាជាងការសម្លឹងមើលលទ្ធផលក្នុងរយៈពេលខ្លី។
បើទោះជានិយាយបែបនេះក្តី គ្រូបង្វឹកជនជាតិព័រទុយហ្កាល់ទើបតែដឹកនាំ Man UTD ទទួលបានជ័យជំនះដ៏ធំលើកដំបូងក្នុងរយៈពេលជាង៣ឆ្នាំ ដោយបានយកឈ្នះ ដោយលទ្ធផល ៤-០ ទល់នឹង Everton នៃជំនួបក្របខណ្ឌ Premier League កាលពីពេលថ្មីៗនេះ។
៣ពិន្ទុ ដ៏សំខាន់នេះ ជួយ Man UTD ទៅលើលេខ ៩ មានចំនួន ១៩ពិន្ទុ ដោយមានគម្លាតពីក្រុមលេខ ៤ Brighton ត្រឹមតែ ៤ពិន្ទុ ប៉ុណ្ណោះ។ យ៉ាងណា ចំណាត់ថ្នាក់កំពូលតារាងទាំង ៤ ហាក់បីមិនស្ថិតក្នុងគំនិតលោក Ruben Amorim ទេ ដ្បិតលោកនៅទទូចចង់បានទម្រង់លេងដ៏ល្អបំផុតនៅក្នុងក្រុមជាមុនសិន សម្រាប់រដូវកាល ២០២៤-២៥។
លោក Amorim បាននិយាយដូច្នេះ “យើងគួរតែផ្តោតលើទម្រង់លេង ប្រព័ន្ធលេងអោយបានខ្លាំង ហើយគឺមិនមែនជាលទ្ធផលរយៈពេលខ្លីនោះទេ ព្រោះយើងនឹងបានឃើញពីវានៅចុងបញ្ចប់រដូវកាល ។ ខ្ញុំបាននិយាយច្រើនដងហើយ ខ្ញុំនឹងការវិនិច្ឆ័យចំពោះទីតាំងដែលយើងនឹងអាចបញ្ចប់ទៅបាន ខ្ញុំបានដឹងពីវា តែពេលនេះយើងផ្តោតលើការប្រកួតបន្ទាប់ និងប្រព័ន្ធលេងល្អ យើងកំពុងស្វែងរកវា។”
ក្រោយពីការប្រកួតទល់នឹងក្រុម Everton ក្នុងទឹកដីកីឡដ្ឋាន Old Trafford បានបញ្ចប់ទៅ ក្រុមរហស្សនាមបិសាចក្រហមនឹងមានភារកិច្ចទៅប៉ះក្រុម Arsenal នៅកីឡដ្ឋាន Emirate នៅពាក់កណ្តាលសប្តាហ៍នេះ ដែលជាជំនួបពានរង្វាន់ Premier League ដូចគ្នា៕