គ្រូបង្វឹក Man UTD លោក Ruben Amorim បានធ្វើការស្តីបន្ទោសលើកង្វះខាតនៃការហ្វឹកហាត់ដែលជាមូលហេតុ ធ្វើអោយក្រុមរបស់លោក បានប្រកួតចាញ់ ក្រុម Arsenal នៅក្នុងជំនួបក្របខណ្ឌ Premier League កាលពីយប់មិញ។
ការប្រកួតដែលធ្វើឡើងនាកីឡដ្ឋាន Emirates ក្រុមម្ចាស់ផ្ទះ Arsenal និង ក្រុមភ្ញៀវ Man UTD មានឱកាសគ្រប់គ្រងបាល់ប្រហាក់ប្រហែលគ្នា ប៉ុន្តែឱកាសនៃការស៊ុតបាល់វិញ Arsenal មានឱកាសស៊ុតដល់ទៅ ១៤ដង រីឯ Man UTD មានឱកាសស៊ុតតែ៥ដងប៉ុណ្ណោះ។ យ៉ាងណាមិញ វគ្គទី១ មិនមានគ្រាប់បាល់ត្រូវស៊ុតបញ្ចូលទីបានសម្រេចនោះទេ។
ចូលមកដល់វគ្គទី២ ក្រុម Arsenal ហាក់បង្កើនការវាយសម្រុកខ្លាំងជាមុននឹងអាចរកគ្រាប់បាល់បានសម្រេចដោយ Jurriën Timber នៅនាទី៥៤។ ក្រុម Man UTD បានព្យាយាមវាយលុកតាមរកគ្រាប់បាល់មកវិញដែរ ប៉ុន្តែក្រុមមិនមានការសហការគ្នាល្អ ទើបមិនអាចរកគ្រាប់បាល់បានសម្រេច ហើយថែមទាំងត្រូវគូប្រជែងស៊ុតបញ្ចូលទី បាន១គ្រាប់ទៀតជាការធ្វើបានពី William Saliba នៅនាទី៧៣ ដើម្បីបញ្ចប់ការប្រកួតដោយលទ្ធផល Arsenal ២ Man UTD ០។
នេះគឺជាបរាជ័យដំបូងរបស់លោក Ruben Amorim ក្នុងនាមជាគ្រូបង្វឹកថ្មីរបស់ Man UTD ក្រោយពីដឹកនាំបាន៤ប្រកួតកន្លងមក។ Man UTD បង្ហាញពីដំណើរការល្អក្រោមការដឹកនាំរបស់លោក Ruben Amorim នៅក្នុងការប្រកួត ក្របខណ្ឌ Premier League ដោយលោកបានជួយក្រុមស្មើ Ipswich Town ១-១ មុនពេលឈ្នះ Everton ដោយភាពរីករាយ ៤-០។ ទោះយ៉ាងណា លោក Ruben Amorim ចាប់ផ្តើមជួបប្រទះបញ្ហាពេល Man UTD ចាញ់ Arsenal ក្នុងការប្រកួតលើកនេះ។ ទោះយ៉ាងណា សម្រាប់ការបរាជ័យនេះ ត្រូវបានគ្រូបង្វឹកជនជាតិព័រទុយហ្កាល់ យល់ថា មកពីក្រុមរបស់លោកមិនមានការហ្វឹកហាត់គ្រប់គ្រាន់។
លោក Ruben Amorim បានអោយដឹងក្រោយចប់ការប្រកួតថា “វាជាការប្រកួតដ៏ពិបាក។ ខ្ញុំបានមើលឃើញការប្រកួតលើកនេះថា វាពិបាកសម្រាប់កីឡាកររបស់ខ្ញុំដោយសារ ពួកគេមិនបានហ្វឹកហាត់គ្រប់គ្រាន់ ពួកគេត្រូវការហ្វឹកហាត់ច្រើនជាងនេះទៀត។ ទោះយ៉ាងណា ខ្ញុំកោតសរសើរ កីឡាករដែលពួកគេមានភាពវ័យឆ្លាតក្នុងការប្រើយុទ្ធសាស្ត្រ ហើយវាជាចំនុចចាប់ផ្តើមនៃការអភិវឌ្ឈក្រុមដែលយើងនឹងប្រើប្រាស់នៅពេលខាងមុខ។”
បរាជ័យនេះធ្វើអោយ Man UTD នៅលេខ១១មាន ១៩ពិន្ទុ ខណៈ Arsenal មាន ២៨ពិន្ទុនៅឈរលេខ៣ ស្មើពិន្ទុក្រុមលេខ២ Chelsea និងតិចជាង៧ពិន្ទុពីក្រុមកំពូលតារាង Liverpool៕