សមាគមបាល់ទាត់អង់គ្លេស FA បានប្រកាសថា ពួកគេនឹងមិនធ្វើការដាក់ពិន័យលើក្លិប Crystal Palace ឬ កីឡាករប្រធានក្រុម ខ្សែការពារ Marc Guéhi ករណីដែលរូបគេបានសរសេរសារទាក់ទិននឹងសាសនានៅលើស្លាកប្រធានក្រុម របស់គេនោះទេ។
កីឡាករអង់គ្លេស វ័យ២៤ឆ្នាំ ត្រូវបានរំលឹកអំពីបទប្បញ្ញត្តិរបស់ FA ជុំវិញការផ្ញើសារទាក់ទិននឹងសាសនាបន្ទាប់ពីរូបគេបានសរសេរថា ខ្ញុំស្រឡាញ់ព្រះជាម្ចាស់ នៅលើស្លាកប្រធានក្រុមពណ៌ឥន្ធនូ របស់គេអំឡុងការប្រកួតទល់នឹង Newcastle United នៅកីឡដ្ឋាន Selhurst Park ក្នុងជំនួបក្របខណ្ឌ Premier League ។ Marc Guehi បានធ្វើសកម្មភាពបែបនេះម្តងទៀត អំឡុងការប្រកួតឈ្នះ Ipswich Town នៅកីឡដ្ឋាន Portman Road ក្នុងក្របខណ្ឌ Premier League ដដែល។
ស្លាកដៃប្រធានក្រុមដែលមានពណ៌ឥន្ធនូ កំពុងត្រូវបានពាក់ជាផ្នែកមួយនៃគំនិតផ្តួចផ្តើមការដាក់បញ្ចូលការគាំទ្រអ្នកស្រឡាញ់ភេទដូចគ្នា LGBTQ+ របស់ក្របខណ្ឌ Premier League ដោយភ្ជាប់ជាមួយអង្គការសប្បុរសធម៌ Stonewall ។ ប្រធានក្រុមបាល់ទាត់នីមួយៗត្រូវបានលើកទឹកចិត្ត អោយពាក់ស្លាកពណ៌ឥន្ធនូនេះ។
តាមច្បាប់របស់ FA បានហាមឃាត់ការលេចចេញ ឬដាក់បញ្ចូលក្នុងសម្លៀកបំពាក់ ស្បែកជើងបាល់ទាត់ ឬឧបករណ៍ផ្សេងទៀត ដែលមានសរសេរសារសាសនាណាមួយ។
ទោះយ៉ាងណា ទាក់ទិននឹងករណីរបស់ Marc Guéhi នេះ FA នឹងមិនចាត់វិធានការផ្លូវការណាមួយប្រឆាំងនឹងរូបគេនោះទេ ប៉ុន្តែសមាគនបានរំឮកកីឡាករ និងក្លិប Crystal Palace ម្តងទៀតអំពីបទប្បញ្ញត្តិទាក់ទងនឹងការផ្ញើសារនៅលើឈុតសម្លៀកបំពាក់ក្នុងពេលប្រកួត។
ប្រធានក្រុម Ipswich Town កីឡាករ Sam Morsy មិនបានពាក់ស្លាកដៃឥន្ទធនូទេក្នុងការចាញ់ Nottingham Forest និង Crystal Palace កាលពីពេលកន្លងទៅ។
ដោយឡែក ក្លិប Crystal Palace បានចេញមុខការពារកីឡាកររបស់ខ្លួន ដោយអះអាងថា ការសម្រេចចិត្តរបស់កីឡាករគឺជាសិទ្ធ និង ដោយសារតែ ជំនឿសាសនា របស់គេ៕