×

West Ham United នឹងសម្រេចពីអនាគតលោក Julen Lopetegui នៅចុងសប្តាហ៍នេះ

សារព័ត៌មាន BBC បានធ្វើការផ្សព្វផ្សាយថា ក្លិប West Ham United នឹងសម្រេចពីអនាគតរបស់គ្រូបង្វឹក លោក Julen Lopetegui នៅចុងសប្តាហ៍នេះ។

បុរសជនជាតិអេស្ប៉ាញ វ័យ៥៨ឆ្នាំ ស្ថិតក្រោមសម្ពាធយ៉ាងធំបន្ទាប់ពីការបរាជ័យ ៣-១ នៅលើទឹកដី Leicester City ហើយអនាគតរបស់លោកគឺស្ថិតនៅលើកិច្ចប្រជុំក្រុមប្រឹក្សាក្លិបដែលនឹងធ្វើឡើងនៅចុងសប្តាហ៍នេះ។

ដោយបានចុះកិច្ចសន្យារយៈពេល២ឆ្នាំ បន្តដឹកនាំក្រុមពីលោក David Moyes នៅរដូវក្តៅ អតីតគ្រូបង្វឹកអេស្ប៉ាញ និង Real Madrid លោក Julen Lopetegui បានមកដល់កីឡដ្ឋាន London ចំពេលមានការរំពឹងទុកយ៉ាងខ្ពស់។

West Ham បានចំណាយប្រាក់ជាង ១២០ លានផោនលើកីឡាករថ្មីចំនួន ៩ នាក់ដោយជឿជាក់ថា លោក Lopetegui អាចដឹកនាំពួកគេឆ្ពោះទៅរកការវិលត្រឡប់ទៅកាន់ពានរង្វាន់ទ្វីបអឺរ៉ុបវិញបន្ទាប់ពីខកខានកាលពីរដូវកាលមុន និង ជាលើកដំបូងក្នុងរយៈពេល ៤ឆ្នាំ។

ទោះបីជាយ៉ាងណាក៏ដោយ កីឡាករដែលលោក Lopetegui មិនអាចបញ្ចេញសក្កដានុពលឡើយ។ ជាក់ស្តែង ខ្សែប្រយុទ្ធអាល្លឺម៉ង់តម្លៃ ២៧ លានផោន Niclas Fullkrug មិនទាន់ចាប់ផ្តើមការប្រកួត Premier League នៅឡើយទេ ខណៈកីឡាករវ័យក្មេងប្រេស៊ីល Luis Guilherme តម្លៃ២៥,៥ លានផោនបានបង្ហាញខ្លួនត្រឹមតែ ១១ នាទីប៉ុណ្ណោះក្នុងការបង្ហាញខ្លួនជំនួសចំនួន ២ដង និងកីឡាករដែលទើបមកដល់ថ្មីជាច្រើនទៀត រួមទាំងកីឡាករឆ្នើមប្រចាំឆ្នាំនៅក្របខណ្ឌ EFL Championship គឺ Crysencio Summerville មានទម្រង់លេងយ៉ាងពិបាក។

ខណៈពេលដែលក្លិបកំពុងត្រួតពិនិត្យឡើងវិញអំពីសមត្ថភាព និង ស្ថានភាព ក្នុងការដឹកនាំរបស់លោក Julen Lopetegui នោះ កៅអីរបស់លោកត្រូវបានដឹងថា បានឡើងកម្តៅយ៉ាងខ្លាំង។ ក្រុម ញញួរយក្សបានឈ្នះតែមួយលើកគត់ក្នុងការប្រកួតចំនួន ៥ដង ចាប់តាំងពីការទទួលជ័យជំនះលើក្រុម Manchester United កាលពីថ្ងៃទី ២៧ ខែតុលា ដែលបណ្តាលអោយមានការបណ្តេញលោក Erik ten Hag គ្រូបង្វឹករបស់ក្រុម បិសាចក្រហម ។ យ៉ាងណា លទ្ធផលប្រកួតទល់នឹង Leicester City បានធ្វើអោយក្រុមប្រឹក្សារបស់ក្លិប ត្រូវប្រជុំគ្នាដើម្បី សម្រេចពីអនាគតរបស់លោក Julen Lopetegui៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង