×

ខ្សែប្រយុទ្ធ Michail Antonio របស់ West Ham ស្ថិតក្នុងស្ថេរភាពក្រោយជួបគ្រោះថ្នាក់ចរាចរណ៍

ខ្សែប្រយុទ្ធ Michail Antonio របស់ក្លិប West Ham United ដឹងខ្លួននិងស្ថិតក្នុងស្ថេរភាពក្នុងមន្ទីរពេទ្យ បន្ទាប់ពីរូបគេបានជួបគ្រោះថ្នាក់ចរាចរណ៍កាលពីពេលថ្មីៗនេះ។ នេះបើតាមការប្រកាសពីក្លិបនៅក្របខណ្ឌ Premier League ។

កីឡាករជនជាតិចាម៉ៃកា ត្រូវបានសង្គ្រោះចេញពីរថយន្តក្រោយមានការប៉ះទង្គិចនៅក្នុងគ្រោះថ្នាក់នាតំបន់ Essex ហើយរូបគេត្រូវបានបញ្ចូនទៅសង្គ្រោះភ្លាមៗនៅមន្ទីរពេទ្យមួយនៅកណ្តាលទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស។

Michail Antonio ត្រូវឆ្លងកាត់ការវះកាត់ឆ្អឹងអវយវៈខាងក្រោម ដោយសារវាបានបាក់នៅក្នុងហេតុការណ៍ដ៏រន្ធត់នោះ។ យ៉ាងណា ពេលនេះ កីឡាករវ័យ៣៤ឆ្នាំ ត្រូវបានប្រកាសបានដឹងខ្លួន និង មានស្ថេរភាពហើយ។

ទាក់ទិននឹងរឿងនេះ ក្លិប West Ham United បានបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា “ក្លិប West Ham United អាចបញ្ជាក់បានថា Michail Antonio ស្ថិតក្នុងស្ថានភាពល្អបន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរណ៍ ។ រូបគេបានដឹងខ្លួន និងអាចមានទំនាក់ទំនងនិយាយស្តីបាន ហើយបច្ចុប្បន្នកំពុងស្ថិតក្រោមការត្រួតពិនិត្យយ៉ាងម៉ដ្ឋចត់នៅមន្ទីរពេទ្យកណ្តាលទីក្រុងឡុងដ៍។”

Michail Antonio បានចូលរួមជាមួយ West Ham តាំងពីឆ្នាំ ២០១៥ ហើយបានបង្ហាញខ្លួនគ្រប់ការប្រកួតនៅ Premier League អោយក្រុមញញួរយក្សនៅរដូវកាលនេះ។

សម្រាប់រយៈពេលនៃអវត្តមានទៅលើការព្យាបាលរបួសរបស់ Michail Antonio មិនទាន់ត្រូវបានក្លិប West Ham United បញ្ជាក់នៅឡើយទេ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង