
លោក Enzo Maresca គ្រូបង្វឹក Chelsea បានធ្វើការកោតសរសើរការលេងរបស់កីឡាករក្រុមតោខៀវរបស់លោក បន្ទាប់ពីពួកគេធ្វើការវាយបកយកឈ្នះក្រុម Tottenham Hotspur បានសម្រេចនៅក្នុងការប្រកួតក្របខណ្ឌ Premier League កាលពីពេលថ្មីៗនេះ។
ការប្រកួតនាកីឡដ្ឋាន Tottenham Hotspur Stadium ក្រុមភ្ញៀវ Chelsea ហាក់បង្ហាញការលេងគ្របសង្កត់ទៅលើក្រុមម្ចាស់ផ្ទះ Tottenham Hotspur ដោយអាចគ្រប់គ្រងបាល់បានដល់ទៅ ៦១ ភាគរយតែឱកាសនៃការស៊ុតបាល់វិញ ក្រុមទាំង២មានប្រហាក់ប្រហែលគ្នា ដោយខាងក្រុម Chelsea មានឱកាសស៊ុត ១៧ ដង ខណៈក្រុម Tottenham Hotspur មានឱកាសស៊ុត ១៣ដង។
ដំណើរការបាន៥នាទី Dominic Solanke ជាអ្នករកគ្រាប់បាល់បើកឆាកជួយអោយ Tottenham Hotspur នាំមុខមុន ហើយនាទី១១ ក្រុមមាន់ខ្នាយមាសបង្កើនការនាំមុខគ្រាប់បាល់ទី២ ដោយ Dejan Kulusevski ។ យ៉ាងណាមិញ មុនចប់វគ្គទី១ Jadon Sancho បានតាមសង១គ្រាប់ អោយក្រុម Chelsea ដើម្បីបន្តស្មារតីប្រកួតរបស់ពួកគេ។
ចូលមកដល់វគ្គទី២វិញ ក្រម Chelsea មានការសហការគ្នាយ៉ាងល្អ ហើយអាចរកបានគ្រាប់បាល់តាមស្មើ ដោយការទាត់បាល់ពិន័យ១១ម៉ែត្ររបស់ Cole Palmer នៅក្នុងនាទី៦១។ នៅនាទី៧៣ Chelsea បានធ្វើការនាំមុខក្រុមគូប្រជែងរបស់ខ្លួនវិញ ដោយគ្រាប់បាល់របស់ Enzo Fernández ហើយនាទី៨៤ ក្រុមតោខៀវអាចរកបានគ្រាប់ទី៤របស់ពួកគេដោយ Cole Palmer បានស៊ុតបាល់ពិន័យ១១ម៉ែត្រ បានសម្រេចម្តងទៀត។ យ៉ាងណា នៅចុងម៉ោង នាទី៩០+៦ Heung-min Son បានស៊ុតបានគ្រាប់ទី៣ របស់ Tottenham Hotspur ប៉ុន្តែមិនអាចរារាំងក្រុម Chelsea មិនអោយទទួលជ័យជំនះបាននោះទេ។ លទ្ធផលចប់ការប្រកួតគឺ Chelsea ឈ្នះ Tottenham Hotspur ៤-៣។
ជាមួយនឹងការធ្វើបានល្អរបស់កូនក្រុមបែបនេះបានធ្វើអោយគ្រូបង្វឹក Chelsea លោក Enzo Maresca មានការកោតសរសើរស្មារតីរឹងមាំ និង ការតស៊ូ មិនបាត់បង់ទឹកចិត្ត ទោះជាពួកគ ត្រូវបានគូប្រជែងនាំមុខ២គ្រាប់មុនក្តី។
លោក Enzo Maresca បានអោយដឹងក្រោយចប់ការប្រកួតបែបនេះ “ខ្ញុំមើលឃើញថា កីឡាកររបស់ខ្ញុំពិតជាធ្វើបានល្អមែនទែន។ ពួកគេមិនបោះបង់ស្មារតី និងទឹកចិត្តក្នុងការតស៊ូនោះទេទោះជាក្រុមបានចាញ់ប្រៀបគូប្រជែងក្តី។ យើងចាញ់២គ្រាប់មុន ប៉ុន្តែកីឡាករបានលេងតាមគម្រោង ហើយពួកគេបានបង្ហាញភាពរឹងមាំនៅពេលក្រោយ។ ពួកគេបានធ្វើអោយខ្ញុំភ្ញាក់ផ្អើល និង ពេញចិត្តខ្លាំងណាស់ ។”
សម្រាប់ជ័យជំនះនេះ ក្រុម Chelsea នៅឈរលេខ២ មាន ៣១ពិន្ទុ បន្តប្រដេញពិន្ទុក្រុមកំពូលតារាង Liverpool ដែលមាន៣៥ពិន្ទុ។ រីឯ Tottenham Hotspur នៅលេខ១១ មាន២០ពិន្ទុ៕