×

គ្រូ Man UTD ថា ក្រុមខ្លួនខ្វះគុណភាពទើបចាញ់ Nottingham Forest

គ្រូបង្វឹកលោក Ruben Amorim បានទទួលស្គាល់ថា Man UTD មានភាពខ្វះខាតដែលបណ្តាលអោយពួកគេប្រកួតចាញ់ក្រុម Nottingham Forest ហើយថា បញ្ហានេះមិនអាចដោះស្រាយបានក្នុងពេលឆាប់រហ័សនោះទេ។

ជាការពិត Man UTD ទើបតែប្រកួតចាញ់ Nottingham Forest ដោយលទ្ធផល ៣-២ នៅក្នុងជំនួបក្របខណ្ឌ Premier League កាលពីចុងសប្តាហ៍កន្លងទៅ។ ការប្រកួតនាកីឡដ្ឋាន Old Trafford នោះក្រុម Nottingham Forest បានរកគ្រាប់បាល់បើកឆាកតាំងពីនាទី២ ដោយ Nikola Milenković ប៉ុន្តែ Rasmus Højlund បានតាមសងស្មើអោយក្រុម Man UTD វិញ នៅនាទី១៨ មុនចប់វគ្គទី១។

នៅវគ្គទី២ Nottingham Forest បានបើកការនាំមុខសាជាថ្មីដោយគ្រាប់បាល់របស់ Morgan Gibbs-White ក្នុងនាទី ៤៧ហើយនាទី ៥៤ Chris Wood បានផ្តល់គ្រាប់បាល់ទី៣ សម្រាប់ក្រុមភ្ញៀវ។ នៅនាទី៦១ ក្រុមម្ចាស់ផ្ទះ Man UTD បានរកគ្រាប់ទី២ ដោយ Bruno Fernandes ខណៈលទ្ធផលនេះមិនមានការផ្លាស់ប្តូររហូតដល់ចប់ការប្រកួត។

នេះជាការបរាជ័យលើកទី២ជាប់គ្នាហើយនៅក្នុងការប្រកួតលីគកំពូលអង់គ្លេស របស់លោក Ruben Amorim ក្នុងនាមជាគ្រូបង្វឹកថ្មីរបស់ក្រុមបិសាចក្រហម បន្ទាប់ពីបានចាញ់ Arsenal ២-០ កាលពីពេលកន្លងទៅ ។ សម្រាប់ការបរាជ័យនេះដែរ បុរសជនជាតិព័រទុយហ្កាល់បានមើលឃើញពីភាពខ្វះខាតរបស់ក្រុម និងថា បញ្ហានេះ ត្រូវការរយៈពេលច្រើនដើម្បីដោះស្រាយ។

លោក Ruben Amorim បានអោយដឹងដូច្នេះ “វាជាការប្រកួតដ៏ស្វិតស្វាញ យើងចាប់ផ្តើមវគ្គទី២ពិតជាអាក្រក់។ ក្រុមរបស់យើងមិនមានគុណភាពច្រើនទេ ហើយបរិបទនេះពិតជាពិបាកណាស់។”

បុរសវ័យ ៣៩ឆ្នាំបន្តថា “យើងត្រូវការពេលវេលាបន្ថែមទៀតដើម្បីដោះស្រាយបញ្ហាដែលយើងកំពុងជួបប្រទះ ប៉ុន្តែយើងត្រូវយល់ថានេះជាដំណើរដ៏វែងឆ្ងាយ ហើយនោះជាអ្វីដែលការងាររបស់យើងតម្រូវអោយយើងស្វែងយល់ពីវា។”

សម្រាប់ការបរាជ័យនេះ បានធ្វើអោយ Man UTD រអិលចុះទៅ លេខ១៣ មាន ១៩ពិន្ទុ រីឯ Nottingham Forest វិញ នៅឈរលេខ៥ មាន ២៥ពិន្ទុ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង