×

គ្រូ Leicester City ចង់បានកីឡាករមួយរូបពី Man UTD

គ្រូបង្វឹកថ្មីរបស់ Leicester City លោក Ruud Van Nistelrooy មានគម្រោងប្រើប្រាស់ទំនាក់ទំនងរបស់ខ្លួនជាមួយអតីតក្លិប Man UTD ដែលលោកធ្លាប់រួមការងារជាមួយ ដើម្បីចុះហត្ថលេខាខ្ចីជើងនាំយកខ្សែបម្រើការពារ Toby Collyer នៅទីផ្សារដោះដូរកីឡាករខែមករាខាងមុខ។

បុរសសញ្ជាតិហូឡង់ វ័យ ៤៨ឆ្នាំមានចក្ខុវិស័យវែងឆ្ងាយ ដោយជឿជាក់ថា កីឡាករវ័យ ២០ ឆ្នាំរូបនេះនឹងអាចអភិវឌ្ឍសមត្ថភាព ក្លាយជាកីឡាករដ៏សំខាន់នៅក្នុងក្រុម Leicester City ដើម្បីបន្តឈរជើងលេងនៅក្របខណ្ឌខ័ណ្ឌកំពូលអង់គ្លេស Premier League ជាច្រើនឆ្នាំទៀត។

ការជឿជាក់របស់លោក Van Nistelrooy នោះក៍ព្រោះតែរូបលោក ដឹងយ៉ាងច្បាស់អំពីសមត្ថភាពរបស់ Toby Collyer ហើយលោកមានភាព ជិតស្និទ្ធជាមួយកីឡាកររូបនេះ ក្នុងអំឡុងពេលបំពេញតួនាទីជាជំនួយការរបស់អតីតគ្រូបង្វឹកលោក Erik Ten Hag និងក្នុងនាមគ្រូបង្វឹកបណ្តោះអាសន្ន Man UTD នាពេលកន្លងមក។

ទោះជាយ៉ាងណាសម្រាប់ Man UTD មិនមានចំណាប់អារម្មណ៍ក្នុងការលក់ Toby Collyer ទេ ប៉ុន្តែពួកគេអាចបើកចំហរក្នុងលក្ខខណ្ឌខ្ចីជើង ក្រោយពីសាមីកីឡាករបង្ហាញខ្លួនចូលលេងបានតែ៣ ដងក្នុងរដូវកាលនេះ ក្រោយពីត្រុវបាន Man UTD ទិញយកពី Brighton និងបានបង្ហាញខ្លួនក្រុមឈុតធំលើកដំបូងរបស់គាត់នៅក្នុងព្រឹត្តការណ៍ Community Shield ឆ្នាំ ២០២៤ក្នុងនាមកីឡាករបម្រុង។ ក្រោយមកទៀត Toby Collyer បានចូលលេងជាកីឡាករបម្រុងផងដែរកាលពីដើមរដូវកាលកំលុងពេល Man UTD ប្រកួតចាញ់ Liverpool ក្នុងផ្ទះខ្លួនឯង។

Toby Collyer ត្រូវការពេលវេលាគ្រប់គ្រាន់ដើម្បីបន្តការអភិវឌ្ឍន៍របស់ខ្លួន ហើយ Man UTD នឹងមិនអាចផ្តល់អោយគេនូវឱកាសនោះទេ។ វានឹងក្លាយជារឿងល្អរបស់កីឡាករអង់គ្លេសរូបនេះ ប្រសិនបើក្លិប Man UTD យល់ព្រមបញ្ចេញរូបគេទោះក្នុងលក្ខខណ្ឌខ្ចីជើងក្តី ដូច្នេះគេអាចទទួលបានបទពិសោធជាសមាជិកក្រុមដំបូងជាប្រចាំជាមួយនឹង Leicester City។

សម្រាប់ Leicester City ត្រូវការកែលម្អក្រុមរបស់ពួកគេក្នុងអំឡុងខែមករា ហើយ Toby Collyer អាចជាកីឡាករដ៏មានតម្លៃសម្រាប់ពួកគេ។ រូបគេនឹងបន្ថែមជម្រើសក្នុងក្រុម ហើយវត្តមានរបស់គេដែលមានគំនិតច្នៃប្រឌិតធ្វើប្រតិបត្តិការក្រុមកាន់តែមានសេរីភាពកាន់តែច្រើននៅលើទីលាន៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង