អតីតកីឡាករខ្សែបម្រើក្រុមជម្រើសជាតិព័រទុយហ្កាល់ និងក្លិប Man UTD លោក Nani បានប្រកាសចូលនិវត្តន៍ ពីអាជីពកីឡាករបាល់ទាត់ ក្នុងវ័យ៣៨ឆ្នាំ។
Nani ដែលបានចូលរួមលេងអោយ Man UTD លើកដំបូងកាលឆ្នាំ២០០៧ ហើយបានធ្វើអោយកេរ្តិ៍ឈ្មោះរបស់គេល្បីល្បាញខ្លាំងឡើង។
អំឡុងពេលបង្ហាញខ្លួនលេងអោយ Man UTD ចំនួន ២៣០ប្រកួត Nani រកបានគ្រាប់បាល់ចំនួន ៤១គ្រាប់។ រូបលោក បានរួមចំណែកជួយក្លិបបិសាចក្រហម ដណ្តើមបានពានរង្វាន់ UEFA Champion League នៅរដូវកាលដំបូង ហើយថែមទាំងបានឈ្នះពានរង្វាន់ Premier League ចំនួន ៤ និង EFL Cup ចំនួន ២ ចំណោមការបង្ហាញខ្លួនលេងរយៈពេល ៨រដូវកាល។
ក្រៅពីធ្លាប់លេងអោយ Man UTD និង Sporting CP លោក Nani ក៏ធ្លាប់បានលេងអោយក្លិបមួយចំនួនផ្សេងទៀត រួមមាន Valencia, Lazio, Orlando City, Venezia, Melbourne Victory និង Adana Demirspor។ ចំណែកអាជីពនៅក្រុមជម្រើសជាតិព័រទុយហ្កាល់ Nani រកបានគ្រាប់បាល់ចំនួន ២៤គ្រាប់ ពីការបង្ហាញខ្លួន ១១២លើក និងមានវត្តមានជាមួយព័រទុយហ្កាល់ ពេលក្រុមឈ្នះពាន UEFA Euro ក្នុងឆ្នាំ ២០១៦។
កន្លងមក Nani បានបង្ហាញខ្លួនលេងអោយក្រុមមួយមានឈ្មោះថា Club Estrela Amadora ជាក្លិបស្ថិតក្នុងទីក្រុងកំណើតរបស់គេ ហើយការប្រកួតចុងក្រោយបង្អស់ Nani ក៏បានលេងទល់នឹងអតីតក្លិបដែលនាំអោយមានភាពល្បីល្បាញដំបូងបំផុត គឺ Sporting CP កាលពីខែវិច្ឆិកា៕