ខ្សែបម្រើ Carney Chukwuemeka របស់ក្លិប Chelsea ត្រូវបានគេរាយការណ៍ថាបានយល់ព្រមលើលក្ខខណ្ឌនៃការផ្ទេរទៅក្លិប AC Milan ទោះជាកិច្ចព្រមព្រៀងមិនទាន់រួចរាល់ក៏ដោយ។
ក្លិបតោខៀវចង់បញ្ចេញកីឡាករអង់គ្លេស ក្នុងពេលឆាប់ៗនេះ បន្ទាប់ពីរូបគេមិនស្ថិតក្នុងគម្រោងរបស់គ្រូបង្វឹកលោក Enzo Maresca ក្នុងរដូវកាលនេះ ហើយក្លិប AC Milan ជាគោលដៅដ៏ល្អសម្រាប់រូបគេ។
ក្លិបស្កុតឡេន Celtic ក៏ត្រូវបានដឹងថា ចាប់អារម្មណ៍លើ Carney Chukwuemeka ផងដែរ ប៉ុន្តែវាហាក់បីដូចជា AC Milan មានប្រៀបជាងសម្រាប់កិច្ចព្រមព្រៀងនេះ ខណៈដែលសាមីកីឡាករក៏បានបង្ហើបរួចហើយពីការផ្ទេរទៅកីឡដ្ឋាន San Siro ។
កីឡាករវ័យ២១ឆ្នាំ ហាក់មានភាពលេចធ្លោអំឡុងពេលរូបគេលេងនៅ Aston Villa ដែលធ្វើអោយ Chelsea ចាប់អារម្មណ៍ និងសម្រេចផ្ទេរយករូបគេមករួមក្រុមនៅឆ្នាំ២០២២។ យ៉ាងណាក៏ដោយ វាជាការលំបាកសម្រាប់ Chukwuemeka ក្នុងការស្វែងរកកៅអីក្នុងក្រុមដំបូងរបស់ Chelsea ប៉ុន្តែការផ្ទេរទៅ AC Milan អាចជាការផ្លាស់ប្តូរអាជីពដ៏ឆ្លាតវៃ។
Carney Chukwuemeka អាចធ្វើបានយ៉ាងល្អក្នុងការជ្រើសរើស AC Milan ជាគោលដៅបន្ទាប់របស់ខ្លួន ដោយក្លិប AC Milan ធ្លាប់ធ្វើបានយ៉ាងល្អក្នុងការស្តារអាជីពកីឡាករជាច្រើនរូបរបស់ក្លិប Chelsea រួចមកហើយ។ តួយ៉ាងដូចជា Ruben Loftus-Cheek, Christian Pulisic, Fikayo Tomori និង Tammy Abraham សុទ្ធសឹងជាអតីតកីឡាករ Chelsea ដែលបច្ចុប្បន្នកំពុងបញ្ចេញសក្កដានុពលនៅទឹកដីអ៊ីតាលី។
សម្រាប់ Chukwuemeka គួរតែទទួលបានពេលវេលាលេងបន្ថែមទៀតនៅកីឡដ្ឋាន San Siro ហើយនោះអាចជាជំហានបន្ទាប់ដ៏ល្អរបស់គេ ដើម្បីទទួលបានអាជីពដ៏ជោគជ័យឡើងវិញ។ កីឡាករបាល់ទាត់វ័យក្មេងដែលមានទេពកោសល្យជាច្រើនរូបផ្សេងទៀតបានសម្រេចចាកចេញពីអង់គ្លេស ហើយក៏ដូចជា Chukwuemeka ដែរ ដែលបានរកឃើញថា វាមានភាពលំបាក ក្នុងការរក្សាការលេងជាទៀងទាត់នៅក្របខណ្ឌ Premier League ៕