លោក David Coote អាជ្ញាកណ្តាលនៃក្របខណ្ឌ Premier League ត្រូវបានបញ្ចប់តួនាទីដោយស្ថាប័នគ្រប់គ្រងអាជ្ញាកណ្តាលបាល់ទាត់អង់គ្លេស PGMOL បន្ទាប់ពីវីដេអូបែកធ្លាយមួយដែលត្រូវបានចោទប្រកាន់ថា លោកបានធ្វើការអត្ថាធិប្បាយប្រមាថអំពីក្រុម Liverpool និងអតីតគ្រូបង្វឹករបស់ពួកគេគឺលោក Jurgen Klopp។
លោក Coote វ័យ ៤២ ឆ្នាំបានកាត់ក្តីការប្រកួតដែល Liverpool ឈ្នះ ទល់នឹង Aston Villa ២-០កាលពីការប្រកួត Premier League សប្តាហ៍ទី១១។ លោកគឺជាមន្ត្រីអាជ្ញាកណ្តាលដែលមានបទពិសោធន៍ច្រើនមួយរូបរបស់ Premier League ហើយបានធ្វើជាអាជ្ញាកណ្តាលក្នុងការប្រកួតលីគកំពូលអង់គ្លេស ចាប់តាំងពីឆ្នាំ ២០១៨មក ។ ទោះយ៉ាងណា វីដេអូបែកធ្លាយ ដែលត្រូវបានចែករំលែកហាក់ដូចជាសំដៅទៅលើការប្រកួតក្របខណ្ឌ Premier League ដែលលោក Coote ដឹកនាំការប្រកួតរវាង Liverpool និង Burnley ក្នុងខែកក្កដាឆ្នាំ ២០២០ ដែលបានបញ្ចប់ក្នុងលទ្ធផល ១-១ ។
លោក Klopp ដែលកាលណោះនៅកាន់តំណែងជាគ្រូបង្វឹក Liverpool បានរិះគន់លោក Coote បន្ទាប់ពីចប់ការប្រកួត ដោយនិយាយថា អាជ្ញាកណ្តាលមិនបានពិន័យកីឡាករដែលមានកំហុសចំពោះការជែងយកបាល់ពីកីឡាកររបស់ Liverpool។
ទោះយ៉ាងណាក្រោយមក មន្ត្រីអាជ្ញាកណ្តាលោក David Coote បែរជាមានវីដេអូ និយាយរិះគន់លោក Jurgen Klopp ថាជាមនុស្សក្រអឺតក្រទម និងបាននិយាយពាក្យមិនល្អអំពីលោក Jurgen Klopp ជាច្រើនដងទៀត។
ក្រោយបែកធ្លាយរឿងនេះ លោក David Coote ត្រូវបាន PGMOL ព្យួរការងារ និងត្រូវរងការស៊ើបអង្កេត ហើយក្រោយពីការដំណើរការការស៊ើបអង្កេតរួចរាល់ ក៏បានរកឃើញថា បុរសជនជាតិអង់គ្លេសរូបនេះ មានភាពមិនសមរម្យ និងមិនអាចបន្តការងារជាអាជ្ញាកណ្តាលបាល់ទាត់នៅអង់គ្លេសទៀតនោះទេ។
PGMOL បានចេញសេចក្តីថ្លែងការណ៍ថា “សកម្មភាពរបស់លោក David Coote ត្រូវបានរកឃើញថាបំពានយ៉ាងធ្ងន់ធ្ងរលើបទប្បញ្ញត្តិនៃកិច្ចសន្យាការងារ ហើយស្ថាប័នសម្រេចបញ្ចប់កិច្ចព្រមព្រៀងជាមួយលោក David Coote។”
មន្ត្រីអាជ្ញាកណ្តាលនៅអង់គ្លេសសុទ្ធតែត្រូវបានដឹងថា មានក្លិបបាល់ទាត់ដែលខ្លួនគាំទ្រដែរ ហើយពួកគេនឹងមិនត្រូវអនុញ្ញាតអោយចូលរួមការប្រកួតរបស់ក្លិបនោះទេ ដើម្បីជៀសវាងការកាត់ក្តីដោយមិនសុក្រឹត។ តួយ៉ាង ដូចជាលោក David Coote មិនត្រូវបានអនុញ្ញាតិ អោយចូលកាត់ក្តីការប្រកួតរបស់ក្លិប Nottingham Forest ដែលជាក្លិបរូបលោកគាំទ្រនោះទេ៕