×

ប្រធានផ្នែកកីឡាករបស់ Man UTD លាលែងពីតំណែងក្រោយកាន់តួនាទី៥ខែ

ក្លិប Man UTD បានប្រកាសថា ប្រធានផ្នែកកីឡារបស់ក្លិប លោក Dan Ashworth បានចុះចេញពីតំណែង បន្ទាប់ពីកាន់តួនាទីបាន ៥ខែ ខណៈការលាលែងតំណែងនេះ ធ្វើឡើងដោយមានកិច្ចព្រមព្រៀងគ្នាទៅវិញទៅមក។

បុរសវ័យ ៥៣ឆ្នាំ ដែលកាន់តួនាទីធំផ្នែកកីឡានៅក្លិប Man UTD បន្ទាប់ពីចាកចេញពីក្លិប Newcastle United តាំងពីខែកក្កដា បានសម្រេចចិត្តលាលែងពីតួនាទី ក្រោយក្រុមប្រកួតចាញ់ Nottingham Forest លទ្ធផល ៣-២ ក្រោមការដឹកនាំរបស់គ្រូបង្វឹកថ្មីលោក Ruben Amorim។

លោក Dan Ashworth បុរសសញ្ជាតិអង់គ្លេស បានដើរតួយ៉ាងសំខាន់នៅក្នុងក្រុមបិសាចក្រហម ស្ថិតក្រោមការដឹកនាំពីសំណាក់សហម្ចាស់ក្លិបថ្មីលោក Jim Ratcliffe ដែលបានទិញភាគហ៊ុនក្លិបជាង ២៥ភាគរយ ក្នុងតម្លៃជាង ១,៨ពានលានដុល្លារ។ មិនត្រឹមតែប៉ុណ្ណោះ លោក Ashworth រួមចំណែកធំអំឡុងពេលការដឹកនាំចុងក្រោយរបស់លោក Erik ten Hag ដែលបានចំណាយប្រាក់ផ្ទេរកីឡាករថ្មីចូលក្រុម ប្រមាណ ២៥៥លានដុល្លារ។

បុរសសញ្ជាតិអង់គ្លេសរូបនេះ ក៏ជាបុគ្គលម្នាក់នៅពីក្រោយ ដែលបានសម្រេចចិត្តផ្តល់កិច្ចសន្យាដល់លោក Erik ten Hag រយៈពេល ១ឆ្នាំបន្ថែម នៅមុនពេលលោកបានបុរសសញ្ជាតិហូឡង់ត្រូវក្លិបបណ្តេញចេញ។

មួយវិញទៀតលោក Ashworth ក៏បានរួមចំណែកនាំយកកីឡាករថ្មី និងមានសមត្ថភាពដូចជា Matthijs de Ligt, Noussair Mazraoui, Manuel Ugarte, Leny Yoro និង Joshua Zirkzee៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង