
គ្រូបង្វឹក Arsenal លោក Mikel Arteta បានបង្ហាញពីការព្រួយបារម្ភទៅលើបញ្ហាកីឡាកររបួសច្រើនរូបនៅខណៈដែលពួកគេត្រូវត្រៀមខ្លួនជួបប្រកួតជាមួយ Monaco ក្នុងពានរង្វាន់ UEFA Champions League។
ជាការពិត ក្រុមកាំភ្លើងធំកំពុងមានបញ្ហាកីឡាករសំខាន់ៗរបួសច្រើនរូប មិនអាចមានវត្តមានក្នុងការប្រកួតបាន។ តួយ៉ាង កីឡាករដូចជា Gabriel, Riccardo Calafiori, និង Oleksandr Zinchenko អាចត្រូវចូលរួមការប្រកួតទាំងមានស្ថានភាពរាងកាយមិនទាន់ពេញលេញ ខណៈ Ben White និង Takehiro Tomiyasu ត្រូវអវត្តមានតែម្តង។ កីឡាករផ្សេងទៀតដូចជា Jurrien Timber និង Thomas Partey ក៏មិនទាន់ច្បាស់ពីវត្តមាន ដោយសារពួកគេបានខកខានការហ្វឹកហាត់ចុងក្រោយ។
ក្រុម Arsenal ដែលកំពុងព្យាយាមរក្សាការប្រកួតដ៏ល្អមួយ នៅពានរង្វាន់ UEFA Champions League។ ឆ្លងកាត់ការប្រកួត ៥លើកកន្លងមក ក្នុងវគ្គ League Phase ក្រុម Arsenal មានលទ្ធផល ឈ្នះ៣ ស្មើ១ ចាញ់១ មាន ១០ពិន្ទុ កំពុងឈរលេខ១០។ យ៉ាងណាមិញ បញ្ហារបួសរបស់កីឡករបានចោទជារឿងធំមួយសម្រាប់ ក្រុមកាំភ្លើងធំ ដែលត្រូវមានការប្រកួតដ៏មមាញឹក។ ដោយសារបែបនេះហើយ ទើបលោក Mikel Arteta បានបង្ហាញការព្រួយបារម្ភពីលទ្ធផលប្រកួតរបស់ក្រុម ប៉ុន្តែលោកក៏បានស្នើអោយក្រុមព្យាយាមសម្របខ្លួនទប់ទល់នឹងបញ្ហាដែលកំពុងកើតឡើងនេះ។
គ្រូបង្វឹកជនជាតិអេស្ប៉ាញ បានអោយដឹងមុនការប្រកួតថា “នៅពេលនេះយើងកំពុងមានបញ្ហា ហើយដែលយើងត្រូវធ្វើគឺមានតែព្យាយាមសម្របខ្លួនប៉ុណ្ណោះ។ ខ្ញុំត្រូវចាត់ចែងកីឡាករ ដែលនៅសល់ ទាំងដែលកីឡាករខ្លះខ្ញុំត្រូវបង្ខំចិត្តអោយពួកគេចូលលេងទាំងមានស្ថានភាពមិនពេញលេញ។ យើងមិនសល់ពេលច្រើនទេ ប៉ុន្តែសង្ឃឹមថា ការសម្រេចចិត្តរបស់យើង នឹងមានភាពត្រឹមត្រូវ។”
សូមបញ្ជាក់ថា Arsenal នឹងត្រូវជួបជាមួយ Monaco ក្នុងពានរង្វាន់ UEFA Champions League ដែលធ្វើឡើងនាយប់នេះ នាកីឡដ្ឋាន Emirates ៕