×

ខ្សែបម្រើ Paul Pogba អាចវិលត្រឡប់មកចូលរួមជាមួយ Man UTD វិញ

អ្នកគាំទ្រ Man UTD អាចនឹងមានភាពភ្ញាក់ផ្អើល ដោយអតីតសមាជិករបស់ក្លិប គឺខ្សែបម្រើ Paul Pogba អាចនឹងមានវត្តមានក្នុងជម្រុំហ្វឹកហាត់ Carrington បន្ទាប់ពីចាកចេញពីក្លិប Juventus។

កីឡាករបារាំង ដែលឥឡូវនេះជាកីឡាករឥតតម្លៃខ្លួន ត្រូវបានរាយការណ៍ថាកំពុងពិចារណាការវិលត្រឡប់ទៅកាន់ Man UTD វិញជាលើកទី៣។ ទំនាក់ទំនងរបស់ Pogba ជាមួយ Man UTD មានរយៈពេលជាងមួយទសវត្ស ដោយចាប់ផ្តើមជាមួយនឹងពេលវេលារបស់គេជាថ្នាលយុវជនរបស់ក្លិបក្នុងឆ្នាំ២០០៩ ។ បន្ទាប់ពីផ្លាស់ទៅ Juventus ក្នុងឆ្នាំ ២០១២ ដោយសារតែឱកាសក្នុងក្រុមដំបូងមានកំណត់ Pogba បានបន្តអភិវឌ្ឈន៍ខ្លួនក្លាយជាខ្សែបម្រើកំពូលម្នាក់នៅអឺរ៉ុប ដោយឈ្នះពាន Serie A និងទទួលបានពានរង្វាន់ឯក្កតជនដូចជា Golden Boy និង Bravo Award ។

ភាពជោគជ័យរបស់ Pogba នៅក្នុងប្រទេសអ៊ីតាលី បានទាក់ទាញចំណាប់អារម្មណ៍អតីតក្លិប Man UTD របស់គេដែលនាំទៅដល់ការវិលត្រឡប់របស់គេមកកាន់ទឹកដី Old Trafford វិញក្នុងឆ្នាំ ២០១៦ ក្នុងតម្លៃខ្លួន ៨៩,៣ លានផោន។ ថ្វីត្បិតតែមានពេលដ៏ត្រចះត្រចង់ រួមទាំងការជួយ Man UTD ឈ្នះពាន Europa League និង League Cup ក្នុងរដូវកាលដំបូង របស់គេក៏ដោយ ប៉ុន្តែរដូវកាលបន្ទាប់របស់ Pogba ត្រូវបានញ៉ាំញីដោយរបួស និងការប្រកួតមិនជាប់លាប់។

បន្ទាប់ពីការត្រលប់មក Juventus វិញយ៉ាងច្របូកច្របល់ក្នុងឆ្នាំ ២០២២ ដែលរាប់បញ្ចូលទាំងរបួសដែលកើតឡើងម្តងទៀត និងការព្យួរឈ្មោះដោយសារពាក់ព័ន្ធការថ្នាំហាមឃាត់ Pogba និងក្លិប Juventus បានព្រមព្រៀងគ្នាបញ្ចប់កិច្ចសន្យា កាលពីខែមុន ហើយរូបគេបានក្លាយជាកីឡាករឥតតម្លៃខ្លួន។ ក្រោយមកក៏មានការរាយការណ៍ថា កីឡាករវ័យ៣១ឆ្នាំ បានបង្ហាញបំណងវិលទៅកាន់ Man UTD សាជាថ្មីនៅឆ្នាំក្រោយនេះ។

ដោយឡែក ទោះបីជាមានបញ្ហាទាក់ទងនឹងការប្រើប្រាស់ថ្នាំហាមឃាត់ ក៏ដោយក៏ Paul Pogba នៅតែមានទំនាក់ទំនងជាមួយនឹងការផ្លាស់ប្តូរទៅកាន់ប្រទេសអង់គ្លេសដោយមានក្លិបជាច្រើនបានទាក់ទងជាមួយគេនាពេលថ្មីៗនេះ។ Newcastle និង West Ham ស្ថិតក្នុងចំណោមក្លិបដែលមានទំនាក់ទំនងជាមួយនឹងការផ្ទេរ Paul Pogba ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង