ក្លិប Man UTD ត្រូវបានគេរាយការណ៍មកថាកំពុងសម្លឹងមើលឃើញនាយកផ្នែកកីឡាកររបស់ក្លិប Atletico Madrid លោក Andrea Berta ជាបេក្ខភាពជំនួសលោក Dan Ashworth ដែលបានលាលែងពីតំណែង។
លោក Dan Ashworth ដែលកាន់តួនាទីធំផ្នែកកីឡានៅក្លិប Man UTD បន្ទាប់ពីចាកចេញពីក្លិប Newcastle United តាំងពីខែកក្កដា បានសម្រេចចិត្តលាលែងពីតួនាទី បន្ទាប់ពីដំណើរការមិនល្អនៅក្នុងទីផ្សារដោះដូរកីឡាកររដូវក្តៅ ដោយលោកជួបការលំបាកក្នុងការស្វែងរកភាពជោគជ័យពីមុនរបស់ខ្លួននៅក្នុងទីផ្សារដោះដូរកីឡាករ។ បុរសវ័យ ៥៣ឆ្នាំ បានរួមចំណែកនាំយកកីឡាករថ្មី និងមានសមត្ថភាពដូចជា Matthijs de Ligt, Noussair Mazraoui, Manuel Ugarte, Leny Yoro និង Joshua Zirkzee ដោយបានចំណាយយ៉ាងច្រើនក្នុងបំណងស្តារស្ថានភាពក្លិបបិសាចក្រហមអោយត្រឡប់មករកភាពល្អបំផុតរបស់ពួកគេឡើងវិញ ប៉ុន្តែលទ្ធផលបញ្ចេញមកមិនដូចការរំពឹងទុក ដែលនាំអោយលោកសម្រេចចិត្តលាលែងពីតួនាទី។
ជាមួយនឹងការចាកចេញរបស់លោក Ashworth ឥឡូវនេះ Man UTD ត្រូវការការតែងតាំងប្រធានផ្នែកកីឡាបន្ទាប់របស់ពួកគេអោយបានត្រឹមត្រូវ ហើយរបាយការណ៍ពី Gianluca Di Marzio អះអាងថា លោក Andrea Berta កំពុងត្រូវបានសម្លឹងមើលដោយក្លិបនៅក្របខណ្ឌ Premier League មួយនេះ។
លោក Andrea Berta បានធ្វើការងារដ៏ឆ្លាតវៃក្នុងអំឡុងពេលរបស់ខ្លួននៅទីក្រុង Madrid ដោយបានរកឃើញកីឡាករទេពកោសល្យដូចជា ខ្សែបម្រើ Rodri មុនពេលរូបគេផ្ទេរទៅ Man City និងឈ្នះពានរង្វាន់ Ballon d’Or។ ដូចគ្នានេះដែរលោក Berta បានចុះហត្ថលេខាលើ Julian Alvarez សម្រាប់ Atletico Madrid ហើយជាទូទៅបានត្រួតពិនិត្យការងារល្អជាច្រើនដើម្បីបន្តពង្រឹងក្រុមរបស់លោក Diego Simeone ដោយមិនចំណាយប្រាក់ច្រើនលើការចុះហត្ថលេខាកីឡាករថ្មី។
សមត្ថភាពរបស់លោក Andrea Berta ហាក់ដូចជាអ្វីដែល Man UTD កំពុងត្រូវការនៅពេលនេះ បន្ទាប់ពីមានបេក្ខភាពនាយកផ្នែកកីឡាមិនល្អជាច្រើន ក្នុងសម័យកាលក្រោយលោក Alex Ferguson ចូលនិវត្តន៍ដោយក្លិបបានធ្វើការចុះហត្ថលេខាខុសនិងចំណាយប្រាក់ដ៏ច្រើនម្តងហើយម្តងទៀត។ លោក Andrea Berta មានបទពិសោធន៍ច្រើន ហើយអាចជាបេក្ខភាពដ៏រឹងមាំម្នាក់ ដើម្បីធ្វើការជាមួយគ្រូបង្វឹកថ្មីលោក Ruben Amorim ដែលនឹងត្រូវការអ្នកដឹកនាំដ៏ល្អម្នាក់ជាមួយលោក ដើម្បីជួយក្រុមអោយមានភាពល្អប្រសើរឡើង ខណៈដែលពួកគេកំពុងជួបការលំបាកនៅពេលនេះ៕