
ក្លិប Liverpool បានបង្ហាញចំណាប់អារម្មណ៍រយៈពេលវែងទៅលើខ្សែបម្រើ Aurelien Tchouameni របស់ក្លិប Real Madrid ហើយកីឡាកររូបនេះអាចផ្លាស់ទៅទឹកដី Anfield ក្នុងឆ្នាំ ២០២៥ ជាផ្នែកនៃកិច្ចព្រមព្រៀងដោះដូរដ៏គួរអោយទាក់ទាញមួយ។
ក្លិបហង្សក្រហមបានព្យាយាមចុះហត្ថលេខាលើ Tchouameni អំឡុងរដូវក្តៅឆ្នាំ២០២២មុនពេលដែលកីឡាករវ័យ២៤ឆ្នាំ បានជ្រើសរើសផ្ទេរទៅកាន់ក្លិប Real Madrid ដោយផ្លាស់ចេញពីក្លិប Monaco ។
Aurelien Tchouameni ទទួលបានភាពជោគជ័យជាច្រើននៅក្នុងប្រទេសអេស្ប៉ាញ ហើយនៅតែជាសមាជិកសំខាន់នៃក្រុមរបស់គ្រូបង្វឹកលោក Carlo Ancelotti។ ទោះជាយ៉ាងណា Real Madrid មានអារម្មណ៍ថា ពួកគេអាចស្វែងរកការធ្វើអោយប្រសើរឡើងសម្រាប់តំបន់បម្រើក្នុងក្រុមរបស់ពួកគេ។ Real Madrid ត្រូវបានគេជឿថាមានការចាប់អារម្មណ៍ជាមួយនឹងការចាប់ផ្តើមនៃរដូវកាលរបស់ ខ្សែបម្រើ Ryan Gravenberch ដែលកំពុងធ្វើបានល្អនៅ Liverpool ដូច្នេះហើយពួកគេ កំពុងតែពិចារណាការផ្លាស់ប្តូរសម្រាប់កីឡាកររូបនេះនាពេលអនាគត។
សម្រាប់គ្រូបង្វឹក Liverpool លោក Arne Slot មិនចង់ចែកផ្លូវជាមួយ Ryan Gravenberch ដែលបានផ្តល់សារៈសំខាន់ចំពោះក្រុមរបស់លោកនាពេលបច្ចុប្បន្នទេ ប៉ុន្តែថ្នាក់ដឹកនាំ Liverpool ត្រូវបានជឿថា បានបើកចំហរក្នុងការលក់កីឡាករវ័យ២២ឆ្នាំ ទៅអោយ Real Madrid ដោយក្នុងនោះ Aurelien Tchouameni ក៏ត្រូវពាក់ព័ន្ធក្នុងការផ្លាស់ប្តូរដែរ។ មានន័យថា បើ Real Madrid យល់ព្រមផ្ទេរ Ryan Gravenberch នោះពួកគេត្រូវតែ ផ្តល់ Aurelien Tchouameni មក Liverpool វិញដែរ។
Ryan Gravenberch បានផ្លាស់ទៅ Liverpool កាលពីឆ្នាំ២០២៣ ដែលជាផ្នែកមួយនៃកិច្ចព្រមព្រៀងតម្លៃ៣៤លានផោន ជាមួយ Bayern Munich បន្ទាប់ពីរូបគេមិនរីកច្រើននៅក្របខណ្ឌ Bundesliga ។ មកដល់ Liverpool ក៏ Ryan Gravenberch មិនទាន់បញ្ចេញសក្កដានុពលរបស់ខ្លួនដែរ ដោយកាលពីរដូវកាលមុន រូបគេមិនស្ថិតក្នុងផែនការរបស់អតីតគ្រូបង្វឹក លោក Jurgen Klopp នោះទេ។ ទោះជាយ៉ាងណាក៏ដោយគ្រូបង្វឹក Liverpool បច្ចុប្បន្ន លោក Arne Slot បានរកឃើញវិធីសាស្ត្រដើម្បីប្រើប្រាស់ កីឡាករហូឡង់រូបនេះ បានយ៉ាងល្អប្រសើរ។
Ryan Gravenberch បានលេងគ្រប់ការប្រកួតអោយ Liverpool នៅក្របខណ្ឌ Premier League និង UEFA Champions League នៅរដូវកាលនេះ ហើយបានជួយក្រុមទទួលជោគជ័យដ៏ធំ។ ដូច្នេះហើយ លោក Arne Slot នឹងព្យាយាមចរចាជាមួយថ្នាក់ដឹកនាំ Liverpool ដើម្បីរក្សារូបគេក្នុងក្រុម ហើយនឹងស្វែងរកវិធីសាស្ត្រផ្សេងវិញ ដើម្បីនាំយក Aurelien Tchouameni ៕