
គ្រូបង្វឹកលោក Gary O’Neil នៅតែទទួលបានការគាំទ្រពីក្លិប Wolverhampton ហើយនឹងរក្សាតំណែងរបស់ខ្លួនបាន បើទោះបីជាក្លិបកំពុងមានស្ថានភាពលំបាកក្នុងការប្រកួតប្រជែងនៅរដូវកាលនេះក៏ដោយ។ នេះបើតាមការផ្សព្វផ្សាយពីសារពត៌មាន BBC។
មានការលើកឡើងថា ការងាររបស់បុរសជនជាតិអង់គ្លេស វ័យ៤១ឆ្នាំ ស្ថិតក្នុងគ្រោះថ្នាក់ ដ្បិតក្លិប Wolverhampton មានលទ្ធផលមិនល្អទាល់តែសោះនៅក្នុងការប្រកួតក្របខណ្ឌ Premier League កន្លងមក ។
ទោះយ៉ាងណា ប្រភពជិតស្និទ្ធនឹងក្លិប Wolverhampton បានប្រាប់ BBC Sport ថា លទ្ធផលអាក្រក់របស់ក្លិប មិនចាត់ទុកគ្រូបង្វឹករូបនេះជាបញ្ហានោះទេ ហើយប្តេជ្ញាគាំទ្ររូបលោកថែមទៀត ដែលក្នុងនោះរួមបញ្ចូលទាំងការផ្តល់អោយលោក Gary O’Neil នូវឱកាសទទួលបានកីឡាករនៅក្នុងទីផ្សារដោះដូរកីឡាករនៅខែក្រោយ នៅពេលដែលក្លិបកំពុងសម្លឹងរកការចុះហត្ថលេខាលើខ្សែការពារកណ្តាល។
មានការជឿថា Wolverhampton មានក្រុមកីឡាករដែលមានគុណភាពដើម្បីជួយសង្គ្រោះពួកគេ អោយអាចបន្តឈរជើងនៅក្របខណ្ឌ Premier League តទៅទៀត។
ទាក់ទិននឹងរឿងនេះដែរ គ្រូបង្វឹក លោក Gary O’Neil បាននិយាយថា លោកមិនខ្វល់ខ្វាយអំពីអនាគតរបស់ខ្លួនទេ ហើយបានចង្អុលបង្ហាញពីរបៀបដែលក្លិបបានលក់កីឡាករមានទេពកោសល្យក្នុងតម្លៃ២០០លានផោនក្នុងរយៈពេល១៨ខែកន្លងមកនេះ។
ជាក់ស្តែង Wolverhampton បានលក់ Ruben Neves និង Matheus Nunes ក្នុងឆ្នាំ ២០២៣ មុនពេលទទួលបានជិត ១០០ លានផោនទៀត ពីការលក់ Max Kilman ទៅកាន់ West Ham និង Pedro Neto ទៅកាន់ Chelsea ។
ប្រភពដដែលបានប្រាប់ BBC Sport ថាលោក O’Neil បានទទួលនូវភាពស្មោះត្រង់របស់កីឡាករ និងទទួលបានការគាំទ្រនៅ បើទោះបីជាពួកគេមានការតស៊ូយ៉ាងលំបាកក៏ដោយ។
ប្រធានផ្នែកកីឡា លោក Matt Hobbs និងជាប្រធានក្លិបលោក Jeff Shi ក៏កំពុងរក្សាក្តីសង្ឃឹម និងភាពជឿជាក់ជាមួយក្រុមរបស់លោក O’Neil ដែលមានការប្រកួតយ៉ាងស្វិតស្វាញទល់នឹងក្រុមកំពូលៗនៅក្របខណ្ឌ Premier League នាពេលកន្លងមក៕