គ្រូបង្វឹក លោក Pep Guardiola បាននិយាយថា ក្លិប Man City អាចនឹងក្លាយជាក្លិបបាល់ទាត់ចុងក្រោយដែលលោកដឹកនាំ មុនពេលរូបលោកនឹងប្តូរទៅដឹកនាំក្រុមបាល់ទាត់ជម្រើសជាតិណាមួយវិញ។
អតីតគ្រូបង្វឹកក្លិប Barcelona និង Bayern Munich រូបនេះបានឈ្នះពានរង្វាន់ធំៗចំនួន ១៥ដង ចាប់តាំងពីចូលដឹកនាំក្លិប Man City ក្នុងឆ្នាំ ២០១៦។
បុរសសញ្ជាតិអេស្ប៉ាញវ័យ ៥៣ឆ្នាំ ត្រូវបានទាក់ទងកាលពីរដូវក្តៅអំពីលទ្ធភាពក្លាយជាគ្រូបង្វឹករបស់ក្រុមជម្រើសជាតិអង់គ្លេស ប៉ុន្តែកាលពីខែមុនលោកបានចុះកិច្ចសន្យាបន្តដឹកនាំរយៈពេល២ឆ្នាំជាមួយក្លិប Man City រហូតដល់ឆ្នាំ ២០២៧ ។
នៅក្នុងកិច្ចសម្ភាសន៍មួយ លោក Pep Guardiola មិនបានបង្ហាញពីពេលវេលាដែលលោកមានបំណងចុះចេញពីតំណែងនៅ Man City ប៉ុន្តែបាននិយាយថា បើសិនជាចាកចេញពី Man City លោកនឹងមិនត្រលប់ទៅដឹកនាំក្លិបបាល់ទាត់វិញទេ មិនថាក្លិបនៅក្របខណ្ឌ Premier League ឬក្លិបណាមួយនៅបរទេស។
លោក Pep Guardiola អោយដឹងដូច្នេះថា “ខ្ញុំនឹងមិនដឹកនាំក្លិបផ្សេងទៀតទេ។ខ្ញុំមិននិយាយអំពីអនាគតវែងឆ្ងាយទេ ប៉ុន្តែអ្វីដែលខ្ញុំនឹងមិនធ្វើគឺពេលចាកចេញពី Man City ទៅដឹកនាំក្លិបផ្សេង។ ខ្ញុំនឹងមិនមានថាមពលច្រើនទេ។ ប៉ុន្តែបើចាកចេញពី Man City ប្រហែលជាខ្ញុំចង់ដឹកនាំក្រុមជម្រើសជាតិណាមួយវិញ។”
សូមបញ្ជាក់ថា លោក Pep Guardiola គឺជាគ្រូបង្វឹកតែមួយរូបគត់ដែលឈ្នះពានរង្វាន់លំដាប់ទ្វីប៣គ្រឿង ចំនួន២ដង ហើយលោកទទួលបានកំណត់ត្រាសម្រាប់ការប្រកួតឈ្នះក្នុងលីគជាប់ៗគ្នាច្រើនបំផុតដែលលោកបានឈ្នះនៅក្នុងក្របខណ្ឌ La Liga, Bundesliga និង Premier League។ លោកក៏ត្រូវបានគេចាត់ទុកថាជាគ្រូបង្វឹកដ៏អស្ចារ្យបំផុតម្នាក់នៅគ្រប់ពេលវេលាផងដែរ៕