គ្រូបង្វឹក Leicester City លោក Ruud van Nistelrooy អាចនឹងផ្តល់ឱកាសដល់ខ្សែបម្រើ Michael Golding បង្ហាញខ្លួនជាលើកដំបូងនៅក្នុងការប្រកួតក្របខណ្ឌ Premier League ចុងសប្តាហ៍នេះ។
កីឡាករអង់គ្លេស វ័យ១៨ឆ្នាំ បានចាកចេញពី Chelsea មកកាន់ Leicester City កាលពីទីផ្សារដោះដូរកីឡាកររដូវក្តៅ ជាមួយនឹងក្តីរំពឹងអំពីការបញ្ចេញសក្កដានុពលរបស់គេ។
ទោះបីជាយ៉ាងណាក៏ដោយ វាជាការលំបាកសម្រាប់ Michael Golding ក្នុងការប្រជែងកៅអីក្រុមដំបូងរបស់ Leicester City ដោយមកទល់ពេលនេះ រូបគេមិនទាន់បានបង្ហាញខ្លួនសូម្បីតែ១ដង។
ឥឡូវនេះ គ្រូបង្វឹកថ្មីរបស់ Leicester លោក Van Nistelrooy បានត្រៀមខ្លួនក្នុងការប្រជែងក្របខណ្ឌ Premier League ដ៏សស្រាក់សស្រាំទល់នឹង Newcastle United ចុងសប្តាហ៍នេះ ហើយ Michael Golding អាចនឹងស្ថិតក្នុងជម្រើសដំបូងរបស់ក្រុម ដោយសារតែ Boubakary Soumare ត្រូវបានព្យួរខណៈ Wilfred Ndidi និង Harry Winks មានបញ្ហារបួស។
Golding បានដុះដាលចេញពីថ្នាលរបស់ Chelsea ហើយប្រសិនបើមិនរងផលប៉ះពាល់ដោយច្បាប់ប្រាក់ចំណេញ និងនិរន្តរភាពរបស់ Premier League ទេ នោះរូបគេប្រហែលជាបន្តលេងនៅកីឡដ្ឋាន Stamford Bridge ដដែល។
ការផ្លាស់មកកាន់ Leicester City អំឡុងការដឹកនាំរបស់អតីតគ្រូបង្វឹកលោក Steve Cooper នោះ Michael Golding មិនមានឱកាសនោះទេ ប៉ុន្តែ រូបគេនឹងអាចបញ្ចេញសមត្ថភាពបានក្រោមការដឹកនាំរបស់ លោក Van Nistelrooy ហើយមានការជឿជាក់លើរូបគេ ខណៈពេលដែលក្រុមកំពុងមានការប្រកួតប្រជែងដ៏លំបាក។
Leicester City បច្ចុប្បន្នកំពុងឈរលេខ១៦ ក្នុងតារាងពិន្ទុ Premier League ដោយមាន១៤ពិន្ទុ ខណៈគូប្រជែងរបស់ពួកគេនៅចុងសប្តាហ៍នេះ ដែលជាក្រុម Newcastle United កំពុងឈរលេខ១២ មាន ២០ពិន្ទុ៕