ព័ត៌មានលម្អិតថ្មីៗ បានលេចចេញអះអាងថា ខ្សែប្រយុទ្ធ Marcus Rashford បានស្ថិតក្នុងបញ្ជីនៃការផ្ទេរចេញពីក្លិប Man UTD ដោយក្លិបបានពិភាក្សារួចហើយលើការលក់ដ៏មានសក្តានុពលនៅខែមករា ឆ្នាំ២០២៥ ។
Man UTD មានបំណងលក់កីឡាករជាច្រើនរូប ដើម្បីយកប្រាក់មកធ្វើការវិនិយោគក្រុមឡើងវិញ។ ពួកគេចង់ស្តាប់សំណើ ក្នុងការចង់បាន Marcus Rashford តាំងពីទីផ្សារដោះដូរកីឡាកររដូវក្តៅមកម្ល៉េះ ប៉ុន្តែមិនមានក្លិបណាមួយ ដែលបានទាក់ទងមកនោះទេ។
ក្លិបបិសាចក្រហម មិនចង់ចំណាយច្រើនទៀតទៅលើទីផ្សារដោះដូរកីឡាករខែមករានោះទេ លុះត្រាតែពួកគេអាចបញ្ចេញកីឡាករមួយចំនួន ហើយ Marcus Rashford បានស្ថិតក្នុងបញ្ជីនៃការផ្ទេរចេញរបស់ក្លិប។
ជំហររបស់ Man UTD គឺមានការព្រួយបារម្ភអំពី របៀបរបបរស់នៅខាងក្រៅរបស់ Rashfordដោយក្លិបមានការភ័យខ្លាចចំពោះកីឡាករ ដែលលែងផ្តោតលើបាល់ទាត់ ដូចអ្វីដែលរូបគេ ធ្វើយ៉ាងល្អកាលពីមុនមកនោះ។
យ៉ាងណាក៏ដោយ ក្រោមការដឹកនាំថ្មីរបស់គ្រូបង្វឹក លោក Ruben Amorim បានផ្តល់ការណែនាំដល់ Marcus Rashford អំពីលទ្ធភាពដែលរូបគេអាចបន្តលេងនៅ Man UTD នោះគឺរូបគេត្រូវ ស្វែងរកទម្រង់លេងដ៏ល្អបំផុតរបស់គេឡើងវិញ។
គួរជម្រាបដែរថា Rashford មានវ័យ២៧ឆ្នាំ បានចំណាយពេលពេញមួយអាជីពរបស់គេជាមួយ Man UTD បន្ទាប់ពីលេងជាលើកដំបូងនៅក្នុងក្រុមឈុតធំនៅឆ្នាំ ២០១៦។
កីឡាករអង់គ្លេសរូនេះ ក៏ជាកីឡាកររកចំណូលបានច្រើនជាងគេគឺប្រមាណ ៣២៥,០០០ផោន ក្នុងមួយសប្តាហ៍ នៅទឹកដី Old Trafford៕