អ្នកគាំទ្រ Newcastle United មានការព្រួយបារម្ភអំពីអនាគតរបស់ខ្សែបម្រើ Sandro Tonali ខណៈដែលរូបគេត្រូវបានផ្សារភ្ជាប់ជាមួយនឹងការវិលត្រឡប់ទៅកាន់ក្លិប AC Milan វិញ។
កីឡាករអ៊ីតាលីធ្វើបានយ៉ាងល្អសម្រាប់ Newcastle United ចាប់តាំងពីការវិលត្រឡប់ពីការជាប់បម្រាម ដោយសារពាក់ព័ន្ធល្បែងភ្នាល់ខុសច្បាប់។ យ៉ាងណាមិញ ឥឡូវនេះមានការពិភាក្សាកាន់តែខ្លាំងឡើងអំពីក្លិប Newcastle United កំពុងចង់លក់កីឡាករវ័យ២៤ឆ្នាំ ដោយសារតែការព្រួយបារម្ភអំពីច្បាប់ Financial Fair Play ។
មានការរាយការណ៍ថា Newcastle United បានស្តាប់ការចរចាជាមួយ AC Milan អំពីការចង់នាំយក Sandro Tonali ត្រឡប់ទៅវិញ ហើយពេលនេះបាននាំអោយមានការរំពឹងទុកជាច្រើននៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ខណៈដែលអ្នកគាំទ្រ Newcastle United មានការព្រួយបារម្ភអំពីលទ្ធភាពនៃការចាកចេញរបស់កីឡាកររូបនេះ។
Sandro Tonali មានប្រជាប្រិយភាពជាមួយនឹងអ្នកគាំទ្រនៅកីឡដ្ឋាន St James’ Park ដែល ចង់ឃើញរូបគេត្រឡប់មកលេងនៅលើទីលានវិញ បន្ទាប់ពីអនុវត្តន៍ពិន័យរួចរាល់។
មួយវិញទៀត Newcastle United មិនទាន់បានឃើញទម្រង់លេងល្អបំផុតរបស់ Tonali នៅឡើយទេ ហើយវាពិតជាសមហេតុផលសម្រាប់គ្រូបង្វឹកលោក Eddie Howe ក្នុងការបន្តផ្តល់ពេលវេលាដល់រូបគេបន្ថែមទៀត។
Newcastle United បានឆ្លងកាត់ទីផ្សារដោះដូរកីឡាករយ៉ាងលំបាក ដោយមិនអាចចំណាយច្រើនដូចដែលពួកគេចង់បាន ព្រោះតែព្រួយបារម្ភផ្នែកហិរញ្ញវត្ថុ ហើយវានៅតែអាចនិយាយបានថាពួកគេត្រូវការលក់កីឡាករចេញសិនមុនពេលអាចទិញកីឡាករថ្មីបាន។
ក្រៅពី Sandro Tonali ហើយកីឡាករសំខាន់ៗផ្សេងទៀតដូចជា Alexander Isak, Anthony Gordon និង Bruno Guimaraes ក៏ត្រូវបានផ្សារភ្ជាប់ក្នុងការផ្លាស់ចេញពី Newcastle United ដែរ៕