ក្លិប Man City កំពុងរៀបចំការប្រកួតមួយ ដោយអោយអ្នកគាំទ្ររបស់ខ្លួន រចនាឯកសណ្ឋាន ប្រកួតផ្លូវការ ដោយប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសប្បនិម្មិត AI។
ក្លិបរហស្សនាមមេឃខៀវ បានសហការជាមួយក្រុមហ៊ុន Puma ដើម្បីបើកដំណើរការប្រព័ន្ធ AI រចនាឯកសណ្ឋានរបស់កីឡាករ ដែលដំណើរការដោយក្រុមហ៊ុន AI Deep Objects ។
Man City បានអោយដឹងថា ដើម្បីប្រើប្រាស់ប្រព័ន្ធនេះ អ្នកចូលរួមនឹងត្រូវបង្កើតគណនីមួយ ហើយបញ្ចូលពត៌មាននានាពណ៌នាអំពីរូបភាពឯកសណ្ឋានដែលអ្នកចង់បង្កើត។ បន្ទាប់មក ត្រូវជ្រើសរើសរចនាបទដែលប្រព័ន្ធ AI នឹងប្រើនៅពេលបង្កើតការរចនាឯកសណ្ឋាន។
ឈុតដែលបង្កើតបាននឹងដាក់អោយ អ្នកគាំទ្រដទៃទៀត រួមជាមួយអ្នកជំនាញរបស់ក្លិប Man City និង អ្នកជំនាញរបស់ក្រុមហ៊ុន Puma ធ្វើការបោះឆ្នោត ជ្រើសរើសឈុតដែលល្អជាងគេ។
ឈុតឯកសណ្ឋានដែលបានរចនាស្អាតជាងគេ នឹងឈ្នះក្នុងការប្រកួតនេះ ហើយក្លិប Man City នឹងប្រើប្រាស់ឯកសណ្ឋាននោះជាផ្លូវការ នៅរដូវកាល ២០២៦- ២០២៧ ជាឈុតទី៣ ហើយក៏នឹងដាក់លក់សម្រាប់អ្នកគាំទ្រផងដែរ។
Man City បាននិយាយថា កីឡាកររបស់ខ្លួនដែលមានដូចជា Ederson, Stefan Ortega និង Rico Lewis បានប្រើប្រាស់ Puma AI Creator ដើម្បីរចនាឯកសណ្ឋានអ្នកចាំទី ហើយបានក្លាយជាឯកសណ្ឋាន រចនាម៉ូតដោយ AI ដំបូងគេ ត្រូវបានពាក់ដោយកីឡាករ ចូលរួមប្រកួតនៅលើទីលាន៕