Tottenham Hotspur ត្រូវបានគេរាយការណ៍ថាកំពុងចង់កោះហៅខ្សែការពារ Ashley Phillips ដែលកំពុងលេងខ្ចីជើងនៅ Stoke City អោយវិលត្រឡប់មករួមក្រុមវិញ ខណៈដែលពួកគេជួបវិបត្តិរបួសខ្សែការពារកាន់តែអាក្រក់។
ក្លិបនៅទីក្រុងឡុងដ៍ខាងជើងបានប្រឈមមុខនឹងរដូវកាលដ៏ច្របូកច្របល់ ជាពិសេសនៅតំបន់ការពារ ដោយខ្សែការពារកណ្តាល Cristian Romero និង Micky van de Ven បានរងរបួស។
ខណៈពេលដែលកីឡាករទាំង២បានត្រលប់មកវិញ កាលពីពេលកន្លងទៅ ប៉ុន្តែនាទីនៃការចូលលេងរបស់ពួកគេត្រូវបានកំណត់មិនអាចលេងបានច្រើននោះទេ។ បន្ថែមពីនេះ Ben Davies ក៏នៅតែមានស្ថានភាពមិនពេញលេញ នាំអោយជម្រើសខ្សែការពាររបស់គ្រូបង្វឹកលោក Ange Postecoglou មានកំណត់ ស្របពេលពួកគេកំពុងមានការប្រកួតដ៏មមាញឹក។
ដូច្នេះហើយ Tottenham Hotspur កំពុងពិចារណាយ៉ាងខ្លាំងក្នុងការហៅខ្សែការពារ Ashley Phillips មកវិញដើម្បីពង្រឹងជម្រើសការពាររបស់ពួកគេ។ កីឡាករអង់គ្លេស បានចូលរួមជាមួយ Tottenham Hotspur ក្នុងខែសីហា ឆ្នាំ ២០២៣ ប៉ុន្តែក៏ត្រូវបានដាក់អោយខ្ចីជើងជាបន្តបន្ទាប់ ទៅកាន់ក្លិបលីគទី២ Plymouth Argyle កាលពីរដូវកាលមុន និង ក្លិបលីគទី២ Stoke City នៅរដូវកាលនេះ។
ទោះយ៉ាងណា ការសម្រេចនាំយក កីឡាករ វ័យ ១៩ឆ្នាំ អាចនឹងនាំអោយមានភាពស្មុគស្មាញ ទាំងការចំណាយសំណងលើការផ្តាច់កុងត្រាខ្ចីជើងរបស់គេ រួមទាំងអាចរំខានដល់ការអភិវឌ្ឍ របស់កីឡាករថែមទៀត ដោយសារពេលវេលានៃការប្រកួតនៅ Stoke City គឺមានសារៈសំខាន់សម្រាប់ការបង្កើនសមត្ថភាពរបស់គេ។
ជាមួយនឹងទីផ្សារដោះដូរកីឡាករក្នុងខែមករាកាន់តែខិតជិតមកដល់ Tottenham Hotspur ក៏អាចស្វែងរកកីឡាករថ្មីបាន ប៉ុន្តែ Ashley Phillips អាចជាដំណោះស្រាយភ្លាមៗ និងមានប្រសិទ្ធភាពជាង ។
នៅពេលដែលបញ្ហាកីឡាកររបួសនៅតែបន្តញាំញី Tottenham Hotspur គ្រូបង្វឹកលោក Postecoglou និងថ្នាក់ដឹកនាំរបស់ក្លិប ត្រូវតែសម្រេចចិត្តអោយបានឆាប់រហ័ស ថាតើគួរនាំយក Ashley Phillips ត្រឡប់មកវិញ ឬ ត្រូវស្វែងរកកីឡាករថ្មី ដើម្បីបង្កើនប្រសិទ្ធភាពនៃការប្រកួតរបស់ពួកគេដែលកំពុងធ្លាក់ចុះអោយងើបឡើងវិញ៕